សំណើស្នើសុំបង្កើតទីក្រុងរណបថ្មី នៅក្នុងខេត្តកោះកុង ត្រូវបានលើកឡើងដោយ តំណាងជាន់ខ្ពស់នៃខេត្តចេជាង ប្រទេសចិន!


កោះកុង៖ ក្នុងជំនួបសម្តែង ការគួរសមរវាង លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និង លោក Guo Xingfu អនុប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តចេជាង និងប្រធានក្រុមហ៊ុនធំៗ នៃខេត្តចេជាង របស់សាធារណៈរដ្ឋប្រជាមានិតចិន នៅអគារពាណិជ្ជកម្ម Zhejiang World Trade Centre បានបង្ហាញចេញនូវដំណឹងមួយថា ខាងភាគី លោក Guo Xingfu បានធ្វើការដាក់សំណើ ទៅលោកអភិបាលរងខេត្តកោះកុង ចំនួន ២ សំណើរ។

ជាក់ស្តែង សំណើរទី១ នោះគឺ ស្នើសុំបង្កើតទីក្រុងរណបមួយ នៅខេត្តកោះកុង។ ខណៈសំណើរទី២ គឺជាការស្នើសុំការគាំទ្រកំពង់ផែ Ningbo ដែលជាកំពង់ផែធំ របស់ខេត្តចេជាង និងជាកំពង់ផែធំទី៣ នៃប្រទេសចិន ដែលជាប្រព័ន្ធដឹកជញ្ជូន ផ្លូវទឹកដ៏សំខាន់ សម្រាប់ប្រទេសចិន និងឆ្លងកាត់ ផ្លូវទឹកប្រទេសកម្ពុជា ពិសេសព្រមទាំងអាច រកដៃគូរវិនិយោគគិនចិន ក្នុងការកសាង កំពង់ផែទឹកជ្រៅ នៅខេត្តកោះកុង ព្រោះថាបច្ចុប្បន្ន ការដឹកជញ្ជូនតាមផ្លូវទឹក ឆ្លងកាត់ប្រទេសសិង្ហបុរី មានតម្លៃថ្លៃខ្លាំងពេក។

ក្នុងនោះដែរ លោក Guo Xingfu បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានភូមិសាស្រ្តល្អ សំបូរទៅដោយធនធានធម្មជាតិ កម្លាំងពលកម្ម ដែលជាយុវជនច្រើន និងមានប្រព័ន្ធសន្តិសុខល្អ ស្ថេរភាពនយោបាយល្អ ដែលធ្វើឱ្យវិនិយោគទុនចិន បានសម្លឹងឃើញឱកាសវិនិយោគ ជាច្រើននៅកម្ពុជា។

យ៉ាងណា គួរឲ្យដឹងដែរថា ក្រុមហ៊ុន KASEN GROUP នៃខេត្តចេជាង របស់លោក បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ក្នុងដំណាក់កាលទី១ និងកំពុងបង្កើតតំបន់សេដ្ចកិច្ចពិសេស ដំណាក់កាលទី២ នៅខេត្តកោះកុង រួចទៅហើយ ដែលតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តកោះកុង មានផ្ទៃដីធំទូលាយទំហំរហូតដល់ ៧០៧ហិកតា ដែលនឹងអាចដំណើការរោងចក្រ និងក្រុមហ៊ុនជាច្រើន ក្នុងនោះរោងចក្រ និងក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន KASEN GROUP ក៏នឹងទៅតម្លើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តកោះកុង ផងដែរ ដែលអាចទាញស្រូបកម្លាំងពលកម្ម ប្រមាណ ១ម៉ឺននាក់ សម្រាប់ជំហានទី១ និងកើនដល់ ៥ម៉ឺននាក់ សម្រាប់ពេលអនាគត ទៀតផង។

ការស្នើសុំបង្កើតទីក្រុងរណបថ្មី នៅខេត្តកោះកុងនេះ បើតាមលោក Guo Xingfu គឺនឹងរើសទីតាំងនៅក្បែរ តំបន់សេដ្ចកិច្ចពិសេសចេជាងកោះកុង ដើម្បីអាចឱ្យបុគ្គលិក កម្មករ និងអ្នកវិនិយោគងាយស្រួល ក្នុងការស្នាក់នៅ និងសេវារដ្ឋបាលផ្សេងៗ ក្នុងនោះ ក្រុមហ៊ុន KASEN GROUP ក៏មានជំនាញអភិវឌ្ឍ ទីក្រុងផងដែរ។

ជាការឆ្លើយតប លោក បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង  មានប្រសាសន៍ថា សំណូមពរទាំង២ខាងលើនេះ គឺរដ្ឋបាលខេត្តកោះកុង នឹងរៀបចំជារបាយការណ៍ ដាក់ជូនក្រសួងមហាផ្ទៃ នឹងស្នើសូមគោលការណ៍ឯកភាពពី រាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច ក្នុងនោះ លោកបណ្ឌិតក៏បានស្នើសុំ ២ចំណុច ពីភាគីខេត្តចេជាងផងដែរគឺ ទី១ ស្នើសូមចងសម្ព័ន្ធមេត្រីភាព រវាងខេត្តកោះកុង នៃកម្ពុជា និងខេត្តចេជាង នៃសាធារណៈរដ្ឋប្រជាមានិតចិន។

សម្រាប់សំណើរទី២ គឺស្នើសូមថ្នាក់ដឹកនាំខេត្តចេជាង ជួយផ្សព្វផ្សាយ និងនាំយកវិនិយោគទុនចិន ទៅបណ្តាក់ទុន រកស៊ីក្នុងប្រទេសកម្ពុជា ពិសេសខេត្តកោះកុងតែម្តង ព្រោះខេត្តកោះកុង មានសក្តានុពលល្អ លើវិស័យកំពង់ផែ វិស័យថាមពល និងតំបន់សេដ្ឋកិច្ចពិសេស ដែលស្រដៀងគ្នានឹងខេត្តចេជាង ដែរ។