កម្ពុជា ឈរនៅលើចំណាត់ថ្នាក់កំពូល ក្នុងតារាងសន្ទស្សន៍ នៃគោលដៅល្អបំផុត សម្រាប់ការវិនិយោគពីបរទេស (FDI) ក្នុងឆ្នាំ ២០២៤ នេះ!


អន្តរជាតិ៖ បើយោងតាម ការបោះពុម្ពផ្សាយដោយសារព័ត៌មាន fDi Intelligence ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានឲ្យដឹងថា កម្ពុជាបានឈរនៅលើ កំពូលតារាងសន្ទស្សន៍ ពិភពលោក នាពេលថ្មីៗនេះ។ ជាក់ស្តែង គឺកម្ពុជាបានជាប់ចំណាត់ថ្នាក់ជាទីផ្សារ ដែលកំពុងរីកចម្រើនល្អបំផុត ទូទាំងពិភពលោក សម្រាប់ការវិនិយោគបរទេស ក្នុងឆ្នាំ២០២៤។

ក្នុងនោះដែរ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខមួយ តែម្តង ក្នុងសន្ទស្សន៍ឆ្នាំ២០២៤ ដោយសារកំណើន ដ៏រឹងមាំរបស់ផលិតផលក្នុងស្រុកសរុប អត្រាអតិផរណាទាប និងកំណើនយ៉ាងឆាប់រហ័ស ក្នុងវិស័យវិនិយោគផ្ទាល់ពីបរទេស (FDI) ផងដែរ។

ជាការសំយោគលទ្ធផល fDi Intelligence ក៏បានពិចារណាលើកត្តាដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ  ការលើកទឹកចិត្តគោលនយោបាយ សម្រាប់អ្នកវិនិយោគ និងសមត្ថភាពរួមនៃទីក្រុង និងតំបន់ក្នុងការទាក់ទាញ ការវិនិយោគពាណិជ្ជកម្ម ក្នុងពេលអនាគត ទៀតផង។

បន្ថែមពីនេះ fDi Intelligence ក៏បានស្ទង់មតិក្នុងតំបន់ រួមមានអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប អាមេរិកខាងជើង អាមេរិកឡាទីន និងការាបៀន មជ្ឈិមបូព៌ា និងអាហ្វ្រិក និងក្រុមប្រទេស BRICs (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន) ផងដែរ ដើម្បីសម្រេចចេញជាលទ្ធផល នៃតារាង FDI មួយនេះ។

យោងតាមរបាយការណ៍ជាលទ្ធផលនោះ គឺថាកម្ពុជានឹងសម្រេចបាន GDP ៦,១% នៅឆ្នាំ ២០២៤ នេះ ជាមួយនឹងអត្រាអតិផរណា ទាបត្រឹមតែ ៣% ប៉ុណ្ណោះ។

ស្របជាមួយគ្នានេះ កម្ពុជាបានមើលឃើញថា មានការកើនឡើង ៣៩៣% នៃការចំណាយមូលធន FDI ក្នុងប្រទេស និងកំណើន ១១០% នៅក្នុងគម្រោង FDI ថ្មី។ របាយការណ៍ដដែល ក៏បានកំណត់អំពីគោលនយោបាយ របស់ប្រទេសលើ ការវិនិយោគបរទេស ដែលបានជំរុញកំណើននៃ FDI ផងដែរ។

យ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយ អំណោយផលជាច្រើន ដើម្បីសម្រួលដល់ការចាប់ផ្តើមធ្វើអាជីវកម្ម ពង្រឹងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ហើយជាទូទៅ ផ្តល់នូវលក្ខខណ្ឌសមរម្យសម្រាប់អ្នកវិនិយោគឯកជន ជាអាទិ៍។

ទៅលើ ទីផ្សារទេសចរណ៍ដែលកំពុងរីកចម្រើន របស់កម្ពុជា ក៏ត្រូវបានកត់សម្គាល់ផងដែរថា ជាផ្នែកទាក់ទាញនៃទីផ្សារ និងមានសន្ទុះឡើងវិញយ៉ាងខ្លាំង នៅឆ្នាំ២០២៤ ដោយរំពឹងថា នឹងបន្តមានសន្ទុះទៅមុខទៀត នាពេលអនាគតនេះ។

គួររម្លឹកដែរថា នៅឆ្នាំ២០២៣ ភ្ញៀវទេសចរបានកើនឡើងដល់ ៥ លាននាក់ ហើយមានតែប្រហែល ២០% ប៉ុណ្ណោះមុនមានជំងឺរាតត្បាត។ ដូច្នេះ វិស័យទេសចរណ៍ រួមចំណែកប្រហែល ១០% នៃ GDP ហើយរំពឹងថានឹងបន្តកំណើនរបស់ខ្លួន នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

fDi Intelligence ក៏បានកោតសរសើរចំពោះ ការរីកចម្រើនរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ២០១៩ ជាសញ្ញាល្អដែលថាសេដ្ឋកិច្ច កំពុងកាត់បន្ថយ ការពឹងផ្អែកខ្លាំងលើ វិស័យពាណិជ្ជកម្មប្រពៃណី រួមមានការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ជាដើម។

របាយការណ៍ដដែល ក៏បានកត់សម្គាល់ថា ការធ្វើពិពិធកម្មបង្កើនភាពធន់ របស់សេដ្ឋកិច្ចដែលបណ្តាលមកពី ការផ្លាស់ប្តូរតម្រូវការសកល និងធ្វើអោយប្រសើរឡើង នូវសក្តានុពលទីផ្សារ សម្រាប់ការវិនិយោគថ្មីៗ។ ទន្ទឹមនឹងនេះផងដែរ សន្ទស្សន៍នេះបានកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជាបង្ហាញពីហានិភ័យ និងបញ្ហាប្រឈមដែលអាច កើតមាននាពេលខាងមុខ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ។

កត្តាទាំងនេះ និងផ្សេងៗបន្ថែមទៀត បានបង្ហាញថា កម្ពុជាគឺជាទីតាំងដ៏មានសក្តានុពល សម្រាប់អ្នកវិនិយោគក្នុងឆ្នាំ២០២៤ និងឆ្នាំខាងមុខ ហើយជាទីផ្សារដែលកំពុង រីកចម្រើនឈានមុខគេផងដែរ នៅក្នុងតំបន់ និងក្រៅតំបន់ ដែលអ្នកវិនិយោគភាគច្រើន កំពុងសម្លឹងមក។