ខេត្តបាត់ដំបង គ្រោងកែប្រែមុខមាត់ ស្ថានីយ៍បុរេប្រវត្តិសាស្ត្រ ល្អាងស្ពាន ដែលមានអាយុកាលដ៏យូរលង់ ទៅជាគោលដៅទេសចរណ៍ធម្មជាតិថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម!


បាត់ដំបង៖ បើយោងតាមវិទ្យុជាតិកម្ពុជា ដែលបានចុះផ្សាយ កាលពីថ្ងៃទី ២១ឧសភា កន្លងទៅបានបង្ហាញថា ក្រសួងទេសចរណ៍ រួមនឹងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង កំពុងចុះសិក្សា ដោយគ្រោងរៀបចំទីតាំង ស្ថានីយ៍បុរេប្រវត្តិសាស្រ្តល្អាងស្ពាន នៃតំបន់ភ្នំទាក់ទ្រាំង ដែលមានអាយុកាលរាប់ម៉ឺនឆ្នាំ ស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដាក់ជាគោលដៅទេសចរណ៍ថ្មី មួយទៀត។

ក្នុងនោះ ប្រភពដដែលនេះ បានឱ្យដឹងថា ក្រុមការងារមានគម្រោង រៀបចំទីតាំងស្ថានីយ៍បុរេប្រវត្តិសាស្រ្តនេះ ដូចជា ផ្លូវធ្វើដំណើរឲ្យបានកាន់តែល្អ និងងាយស្រួល ជណ្តើរឡើង បង្គន់ និងកន្លែងសម្រាប់ផ្តល់ព័ត៌មានជាដើម។

ជាក់ស្តែង អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានលើកឡើងថា ស្ថានីយ៍បុរេប្រវត្តិសាស្រ្តល្អាងស្ពាន នៃតំបន់ភ្នំទាក់ទ្រាំង គឺជាគោលដៅទេសចរណ៍ថ្មី មួយទៀត សម្រាប់ភ្ញៀវទេសចរ មកទស្សនកិច្ចសិក្សាស្វែងយល់ពី មនុស្សសម័យបុរេប្រវត្តិ។

លោកអនុប្រធានមន្ទីរទេសចរណ៍ បានបន្តថា បើតាមការស្រាវជ្រាវ តំបន់ល្អាងស្ពាននេះ ជាភស្តុ័តាងមួយបង្ហាញពី ប្រជាជាតិខ្មែរយើង រស់នៅលើទឹកដីនេះ តាំងពីជាង ៧ម៉ឺនឆ្នាំមកហើយ ខណៈក្រុមការងារ នឹងធ្វើកំណាយបន្តទៀតនៅឆ្នាំ ២០២៥ ខាងមុខនេះ។

យ៉ាងណា បើតាមលោកអនុប្រធានមន្ទីរ គឺទីតាំងស្ថានីយ៍នេះ នៅមិនទាន់មានមនុស្សច្រើន បានទៅដល់នៅឡើយទេ ហើយលោកថា បើកកាលណាភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានដឹងកាន់តែច្រើន នោះប្រាកដជាចង់មកដល់ ទីតាំងទស្សនា ដើម្បីបានស្វែងយល់ពីទីកន្លែង ដែលមនុស្សសម័យដើម មកតាំងទីលំនៅ រាប់ម៉ឺនឆ្នាំមកហើយនេះ។

គួររម្លឹកដែរថា បើតាមឯកសារក្រុមអ្នកធ្វើកំណាយ សន្និដ្ឋានថា ស្ថានីយល្អាងស្ពាន មានមនុស្ស មកតាំងទីបីដំណាក់កាលរួមមាន៖ ទី១/ សម័យថ្មបំបែក មានអាយុប្រហែល ៧១០០០ឆ្នាំ, ទី២/ វប្បធម៌ហាវប៊ីញៀន មានអាយុចន្លោះពី ៥០០០ ដល់ ១១០០០ឆ្នាំ  និងចុងក្រោយ សម័យថ្មរំលីងមានអាយុ ប្រហែល ៣០០០ឆ្នាំ ដោយគេបានយក ល្អាងស្ពានជាកន្លែង បញ្ចុះសព។

លើសពីនេះទៀតនោះ គេក៏បានរកឃើញមាន ផ្នូរបុរាណចំនួនប្រាំមួយ មានអាយុប្រហាក់ប្រហែលគ្នា គឺចន្លោះពី ៣៣១០ទៅ៣៣៥០ឆ្នាំមុន។

គូសសម្គាល់ដែរថា ដើម្បីបានមកដល់ល្អាងស្ពាននេះ ភ្ញៀវទេសចរ អាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ បាត់ដំបង -បៃលិន ចម្ងាយប្រមាណ ៤១ គីឡូម៉ែត្រ ហួសសាលាស្រុករតនៈមណ្ឌលបន្តិច ដល់សាលារៀនគីឡូ៣៨ បត់ស្តាំ តាមផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រទៀត នឹងបានមកដល់ទីតាំងនេះហើយ។