AstraZeneca របស់អង់គ្លេស ត្រៀមបោះទុនប្រមាណ ១,៥ ពាន់លានដុល្លារ នៅក្នុងប្រទេសសិង្ហបុរី ដើម្បីសាងសង់រោងចក្រ ផលិតឱសថព្យាបាល/ប្រឆាំង ជម្ងឺមហារីក!


អន្តរជាតិ៖ បើយោងតាមការចុះផ្សាយរបស់ ប្រភពពីសារព័ត៌មាន Reuters កាលពីថ្ងៃទី ២០ឧសភា កន្លងទៅនេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតឱសថ ដ៏ល្បីល្បាញរបស់អង់គ្លេស AstraZeneca (AZN.L) គ្រោងនឹងចំណាយ ១,៥ពាន់លានដុល្លារ សាងសង់រោងចក្រ នៅក្នុងប្រទេសសិង្ហបុរី ដើម្បីផលិតឱសថដែលអាច ព្យាបាលជំងឺមហារីក ដែលហៅថា Antibody-Drug Conjugates (ADCs)

ប្រភពដដែលនោះបានបន្ថែមថា នាយកប្រតិបត្តិក្រុមហ៊ុន AZN.L លោក Pascal Soriot បានលើកឡើងថា លោកបានសម្លឹងឃើញ ប្រទេសសិង្ហបុរី ជាប្រទេសកំពូលមួយ ក្នុងលោកសម្រាប់ការវិនិយោគ ដែលមានកេរ្តិ៍ឈ្មោះ បោះសម្លេងក្នុងវិស័យកម្មន្តសាលចម្រុះ ច្រើនប្រភេទ។

យ៉ាងណា គម្រោងសាងសង់រោងចក្រថ្មីនេះ នឹងក្លាយជាទីតាំងផលិតថ្នាំ ADCs ចុងក្រោយបង្អស់ របស់ក្រុមហ៊ុន ដែលនឹងគាំទ្រយ៉ាងទូលំទូលាយដោយ គណៈកម្មាធិការអភិវឌ្ឍន៍ សេដ្ឋកិច្ចសិង្ហបុរី ផងដែរ។

គួរឲ្យដឹងដែរថា គម្រោងនេះ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤ ហើយនឹងដាក់ឱ្យដំណើរការ ចាប់ពីឆ្នាំ២០២៩ ទៅ ដែលវានឹងជារោងចក្រ មិនបញ្ចេញឧស្ម័នកាបូនិកឡើយ។

គូសបញ្ជាក់ឲ្យដឹងច្បាស់ដែរថា បើតាមក្រុមហ៊ុន ថ្នាំព្យាបាលជម្ងឺមហារីកប្រភេទ ADCs នេះ គឺត្រូវបានផលិតឡើង ដែលអាចភ្ជាប់ខ្លួន ទៅនឹងកោសិកាដុំគីស ហើយបន្ទាប់មក អាចបញ្ចេញសារធាតុគីមី សម្លាប់កោសិកាដុំគីសនោះតែម្តង។

រម្លឹកផងថា AstraZeneca (AZN.L) ដែលជាក្រុមហ៊ុនផលិត ឱសថរបស់អង់គ្លេស បាននឹងកំពុងពង្រីកទីផ្សាររបស់ខ្លួន ចូលទៅក្នុងប្រទេសអាស៊ីជាច្រើន ដូចជាចិន ឥណ្ឌូនេស៊ី និងឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆាំ្នចុងក្រោយនេះ ដើម្បីពង្រីការផ្គត់ផ្គង់របស់ខ្លួន។

ក្នុងនោះ ក្រុមហ៊ុន បានបង្កើតមជ្ឈមណ្ឌល ព្យាបាលជំងឺមហារីកសុដន់ ឈ្មោះថា Enhertu ដែលមាន ក្រុមហ៊ុនដៃគូ Daiichi Sankyo នៅប្រទេសជប៉ុនផងដែរ។