កម្ពុជា ជម្រុញការប្រើប្រាស់ យានយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយ ការបញ្ចេញកាបូន ទៅក្នុងបរិយាកាស!


អាល្លឺម៉ង់៖ បើយោងតាមការលើកឡើងរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា រដ្ឋមន្ត្រីដឹកជញ្ជូន ក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) នៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ២៣ឧសភា កន្លងទៅបានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រុញការប្រើប្រាស់រថយន្តអគ្គិសនី នៅក្នុងផ្ទៃប្រទេស ដើម្បីចូលរួមកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិក ក្នុងវិស័យដឹកជញ្ជូន សំដៅឈានទៅ សម្រេចគោលដៅអព្យាក្រិត្យកាបូន នៅឆ្នាំ ២០៥០ ដូចដែលបានកំណត់ទុក។

ជាមួយគ្នានេះដែរ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ថ្វីត្បិតតែការបញ្ចេញ ឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន របស់កម្ពុជា មិនទាន់ដល់កម្រិត ធ្ងន់ធ្ងរក៏ពិតមែន តែរាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិក ក្នុងវិស័យនេះ ដើម្បីរក្សាស្រទាប់បរិយាកាសក្នុងតំបន់ និងជាសកល។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបន្តទៀតថា ដើម្បីអាចសម្រេចគោលដៅ អព្យាក្រិត្យកាបូននៅឆ្នាំ២០៥០ រដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ រយៈពេលវែង តាមរយៈការជម្រុញ ការប្រើប្រាស់យានយន្តអគ្គិសនី សិក្សាគម្រោងដឹកជញ្ជូនសាធារណៈ ដែលនឹងរួមចំណែក ក្នុងការកាត់បន្ថយប្រេងឥន្ទនៈ  លើកកម្ពស់សុខភាពរស់នៅ របស់ប្រជាពលរដ្ឋជាដើម។

លើសពីនេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការ កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ពិសេសជាមួយនឹង ប្រទេសដែលជាសមាជិក ITF, ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ឱ្យជួយគាំទ្រដល់កម្ពុជាក្នុងការបំពេញ បេសកកម្មមួយនេះផងដែរ។

គូសសម្គាល់ដែរថា តាមរយៈកិច្ចប្រជុំខាងលើ រដ្ឋមន្រ្តីដឹកជញ្ជូន ដែលជាប្រទេសសមាជិក ក៏បានផ្តោតការពិភាក្សា លើការរួមចំណែករបស់ វិស័យដឹកជញ្ជូនក្នុងប្រទេសរបស់ខ្លួន ក្នុងការរក្សានិរន្តរភាពបរិសា្ថន និងផលប៉ះពាល់លើ អាកាសធាតុ សុខភាព និងភូមិសាស្រ្តនយោបាយ ជាដើម។