កម្មវិធីទិដ្ឋាការទោល សម្រាប់ចេញ-ចូល ៦ ប្រទេស នឹងផ្តល់គុណប្រយោជន៍ទេសចរណ៍ ដល់ប្រទេសអាស៊ានទាំង ៦ រួមទាំងកម្ពុជាផងដែរ!


អន្តរជាតិ៖ បើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានរបស់ថៃ The Nation បានឲ្យដឹងថា កម្មវិធីទិដ្ឋាការទោល Schengen-style visa ដែលផ្តួចផ្តើមឡើង ដោយប្រទេសថៃ សម្រាប់បណ្តាប្រទេសអាស៊ានចំនួន ៦ ត្រូវបានគេរំពឹងថា នឹងជួយទាក់ទាញ អ្នកធ្វើដំណើរផ្លូវឆ្ងាយ និងភ្ញៀវទេសចរដែលចូលចិត្ត ចំណាយប្រាក់ច្រើនបន្ថែមទៀត។

គូសសម្គាល់ដែរថា កម្មវិធី Schengen នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរ ចូលទៅកាន់ប្រទេសវៀតណាម ថៃ កម្ពុជា ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដោយប្រើប្រាស់ទិដ្ឋាការ តែមួយប៉ុណ្ណោះ ក្នុងគោលបំណងធានានូវ ភាពចល័តរបស់ អ្នកដំណើរនិងភ្ញៀវទេសចរ ប្រកបដោយភាពរលូន ងាយស្រួល ក្នុងបណ្តាប្រទេសទាំង៦ ខាងលើនេះ។

ប្រធានក្លឹបទេសចរណ៍ហាណូយ របស់អង្គការយូណេស្កូ លោក Truong Quoc Hung បានលើកឡើងថា កម្មវិធីទិដ្ឋាការទោល នឹងជួយសម្រួល ដល់ការធ្វើដំណើររបស់អ្នកទេសចរ ដ៏សម្បូរបែប បង្កើនប្រាក់ចំណូលពីផ្នែកទេសចរណ៍ ព្រមទាំងបង្កើត លក្ខខណ្ឌអំណោយផល សម្រាប់ក្រុមហ៊ុនទេសចរណ៍ ក្នុងការបង្កើតដំណើរកម្សាន្ត តាមផ្លូវអន្តរតំបន់។

ដោយឡែក នាយកប្រតិបត្តិក្រុមហ៊ុន VietSense Travel លោក Nguyen Van Tai ក៏បានលើកឡើងដែរថា “គោលនយោបាយទិដ្ឋាការទោល នឹងជួយវៀតណាម លើកកម្ពស់ទំនាក់ទំនងទេសចរណ៍ ជាមួយបណ្តាប្រទេសជិតខាង របស់ខ្លួន និងជាពិសេសដោះស្រាយបញ្ហា នៃការបាត់បង់ភ្ញៀវទេសចរអន្តរជាតិ ដោយសារតែរបាំង ទិដ្ឋាការបច្ចុប្បន្ន។ ដូច្នេះ ក្រុមហ៊ុនរបស់លោក មានការរំពឹងទុកខ្ពស់ សម្រាប់ការបង្កើតតំបន់ទិដ្ឋាការរួម”។

ដូចគ្នានេះដែរ លោក Nguyen Tien Dat នាយកប្រតិបត្តិក្រុមហ៊ុន AZA Travel ជឿជាក់ថា តាមរយៈគោលនយោបាយនេះ បណ្តាប្រទេសសមាជិកទាំង៦ នឹងអាចបង្កើនភាពប្រកួតប្រជែង ជាមួយគោលដៅទេសចរណ៍អាស៊ានផ្សេងទៀត និងគោលដៅទេសចរណ៍ធំៗ នៅតំបន់អាស៊ី ដូចជា កូរ៉េខាងត្បូង ជប៉ុន និងចិន ជាដើម។