ប៉េង ហួត គ្រុប បានផ្តល់ការគាំពាឧបត្ថម្ភដល់ ប្អូនៗសិស្សានុសិស្សខ្វះខាតប្រមាណ ១០២ នាក់ នៃសាលាបឋមសិក្សា ក្រពើពុលនៅតំបន់ជនបទ ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ការអប់រំគឺជាថ្នាលបណ្តុះបណ្តាល ចំណេះវិជ្ជាដ៏សំខាន់ និងជាអនាគតសម្រាប់ ការអភិវឌ្ឍប្រទេសជាតិ។ ប្អូនៗសិស្សានុសិស្សប្រមាណជាង ១០នាក់ និងគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សា ក្រពើពុលស្ថិតក្នុងតំបន់ជនបទ បង្ហាញពីក្ដីរំភើបរីករាយ ដែលទទួលបាន ការគាំពារឧបត្ថម្ភពី ប៉េង ហួត គ្រុប នូវសម្ភារៈសិក្សា និងសម្ភារៈអនាម័យ ក្នុងការជួយសម្រួល បន្ទុកសិក្សារបស់សិស្ស និងភាពខ្វះខាតរបស់សាលា រួមទាំងជួយសម្រួល ដល់ជីវភាពគ្រួសារអាណាព្យាបាលសិស្សជាង ១៣០គ្រួសារទៀត ដោយប្រយោលដែរ ស្ថិតនៅជុំវិញតំបន់នោះ។

ជាមួយគ្នានេះ ក៏មានការចែករំលែកចំណេះដឹង អំពីការថែទាំអនាម័យខ្លួនប្រាណ ពីសហការី ប៉េង ហួត គ្រុប និង មន្ទីរព្យាបាលធ្មេញ រៀលធីស ផងដែរ។ កម្មវិធីសប្បុរសធម៌នេះ ត្រូវបានធ្វើឡើងនៅ សាលាបឋមសិក្សាក្រពើពុល ភូមិក្រពើពុល ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

នាយកសាលាបឋមសិក្សាក្រពើពុល លោក ខេម ប៊ុនលី បានសម្តែងនូវអំណរគុណ ដោយលើកឡើងថា “តាំងនាមគណៈគ្រប់គ្រងសាលា និងកូនៗសិស្សានុសិស្សទាំងអស់ ពិតជាមានសេចក្ដីរីករាយខ្លាំងណាស់ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវសម្ភារៈសិក្សា និងសម្ភារៈអនាម័យ ឧបត្ថម្ភដល់សាលាយើងខ្ញុំ ស្របពេលដែលបច្ចុប្បន្ន សាលាកំពុងប្រឈមការខ្វះខាតនូវសម្ភារៈទាំងនេះមួយចំនួនធំ។

លោកនាយកសាលា បានបន្តទៀតថា សព្វថ្ងៃនេះសាលាក៏ប្រឈមនឹង ការខ្វះខាតជាច្រើនទៀតដូចជាទូកស្មាច និងឧបករណ៍បំពងសំឡេង (speaker) សម្រាប់សម្រួលដល់ ការបង្រៀន និងការធ្វើដំណើរ របស់បុគ្គលិកគ្រូបង្រៀន និងសិស្សព្រោះជុំវិញតំបន់នេះ រួមទាំងសាលារៀនគឺគ្របដណ្តប់ដោយ បឹងទន្លេសាបដែលបង្កឱ្យមាន ទឹកលិចនារដូវវស្សាជាហេតុ បង្កឱ្យមានផលលំបាក ក្នុងការធ្វើដំណើរ។ លោកក៏បានអំពាវនាវ និងសូមស្វាគមន៍រាល់ ជំនួយសប្បុរសធម៌ពីសប្បុរជន ដែលមានបំណងចង់បរិច្ចាគ ដល់សាលាបឋមសិក្សាក្រពុល ជាពិសេសតម្រូវការចាំបាច់ ដូចរៀបរាប់ខាងលើ។

ការបរិច្ចាគរបស់សប្បុជនទាំងអស់គ្នា គឺជាការរួមចំណែកលើកកម្ពស់ការអប់រំ ដែលជួយដល់ការសិក្សា របស់យុវជនជំនាន់ក្រោយអាចនឹងឆ្ពោះ ទៅសម្រេចគោលដៅនាថ្ងៃអនាគត ខណៈពួកគេគឺជាធនធាន ចូលរួមអភិវឌ្ឍប្រទេសជាតិយ៉ាងសំខាន់។    

ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ដែលការបរិច្ចាគនេះគឺជា បង្គោលទី១ ដែលផ្ដោតលើការរួមចំណែក លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ការសាងសង់សាលារៀន ការផ្ដល់អាហារូបករណ៍ដល់ សិស្សនិស្សិតក្រីក្រ ការចែករំលែកចំណេះដឹង តាមរយៈការរៀបចំសិក្ខាសាលា និងការយកចិត្តទុកដាក់ បរិច្ចាគនូវសម្ភារៈសិក្សាដល់ ប្អូនៗសិស្សានុសិស្សក្រីក្រ តាមតំបន់ខ្វះខាតជាច្រើនទៀត។

សូមរម្លឹកផងដែរថា សាលាបឋមសិក្សាក្រពើពុល ត្រូវបានបង្កើតឡើង ជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នស្ថិតក្រោម ការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីតាំងស្ថិត ក្នុងភូមិក្រពើពុល ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មានគ្រូបង្រៀនសរុប ៥នាក់ ក្នុងនោះដឹកនាំដោយ នាយកសាលាមួយនាក់។ គ្រូបង្រៀនបួននាក់ គឺមកពីទីរួមខេត្ត ហើយស្នាក់នៅ ក្នុងកុដិព្រះសង្ឃវត្តក្បែរសាលានេះ ខណៈអ្នកគ្រូម្នាក់ទៀត គឺជាអ្នករស់នៅក្នុងភូមិស្រាប់។

ចំណែកឯសិស្សវិញមានចំនួនសរុប ១០២នាក់ ចាប់ពីថ្នាក់មត្ដេយ្យសិក្សាកម្រិតទាប (អាយុបីឆ្នាំ) រហូតដល់ថ្នាក់ទី ៦ (អាយុ១៤-១៥ឆ្នាំ)។ សាលាមានអគារសិក្សាចំនួនពីរខ្នង មួយខ្នងមានសភាពចាស់ទ្រុឌទ្រោម និងមួយខ្នងថ្មីទៀតគឺជាជំនួយឧបត្ថម្ភដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ អគារថ្នាក់រៀនថ្មីមានបីបន្ទប់ ដែលត្រូវបានប្រើប្រាស់ សម្រាប់រៀនរាល់ថ្ងៃនេះ។

ទោះសាលាបឋមសិក្សាក្រពើពុល ស្ថិតនៅតំបន់ជនបទឆ្ងាយ ពីទីរួមខេត្តកំពង់ឆ្នាំងក្ដី ក៏អាណាព្យាបាលសិស្ស ព្យាយាមលើកទឹកចិត្តកូនៗ ឱ្យមានពេលវេលាមកសាលារៀនជាប្រចាំ ដោយក្ដីសង្ឃឹមជានិច្ច ហើយសិស្សានុសិស្ស ក៏មានអារម្មណ៍រីករាយ និងសប្បាយចិត្តដែលមក ទទួលចំណេះដឹង នៅទីនោះ។ ខណៈគណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូក៏ព្យាយាមបង្រៀន អប់រំ ដឹកនាំចូលរួមជាមួយសិស្សានុសិស្ស ដោយមោទកភាពផងដែរ។