ថៃ សម្រេចមិនយកកម្រៃសេវា យានយន្តឆ្លងកាត់ ស្ពានស្ទឹងបត់-បាងណងអៀង ស្របតាមសំណើរបស់កម្ពុជា!


ភ្នំពេញ៖ កាលពីថ្ងៃទី ១៧ មិថុនា កន្លងទៅនេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយទទួលបានអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃ ព្រះរាជាណាចក្រថៃ លើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងទាំងពីរ។

ក្នុងកិច្ចប្រជុំទ្វេភាគីនោះដែរ ជាលទ្ធផល ភាគីថៃបានបញ្ជាក់ជូនភាគីកម្ពុជាថា ខណៈពេលនេះភាគីថៃនឹងរក្សាគោលការណ៍ មិនយកកម្រៃសេវាចំពោះយានយន្ត ដែលឆ្លងកាត់ស្ពានមិត្តភាពនេះ ស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។

បន្ថែមពីនេះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពិនិត្យមើលពេលវេលា សមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី និងកម្មវិធីចុះទៅពិនិត្យ ទីតាំងជាក់ស្ដែង នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ នេះតែម្តង។

គួរឲ្យដឹងដែរថា ជំនួបពិភាក្សាទ្វេភាគីនេះ ត្រូវបានប្រព្រឹត្តទៅក្រោម បរិយាកាសស្និទ្ធសា្នល និងក្នុងសា្មរតីភាពជាដៃគូដ៏ល្អ រវាងប្រទេសទាំងពីរ ហើយថ្នាក់ដឹកនាំក្រសួងទាំងពីរ បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដឹកជញ្ជូន និងការតភ្ជាប់រវាង ប្រទេសជិតខាងទាំងពីរ ឱ្យបានកាន់តែល្អប្រសើរ និងផ្តល់គុណប្រយោជន៍រួម បន្តទៅទៀតផងដែរ។