គម្រោងផ្លូវជាតិលេខ ៧១C ដែលដើរតួសំខាន់ ក្នុងការភ្ជាប់ខេត្តត្បូងឃ្មុំ និងកំពង់ចាម សម្រេចការសាងសង់បានជាង ៩៧% ហើយ និងគ្រោងបញ្ចប់នៅខែតុលាខាងមុខ!


ភ្នំពេញ៖ បើយោងតាម ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបង្ហាញឲ្យដឹង នៅថ្ងៃទី១៩ មិថុនា នេះ បានឲ្យដឹងថា គិតត្រឹមខែឧសភា ២០២៤ គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម សម្រេចបានប្រមាណ ៩៧,៦២% ហើយ។

ជាក់ស្តែង ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ កន្លទៅនេះ គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C ដែលមានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១C ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២% ហើយ ដោយគ្រោងនឹងបញ្ចប់ ការសាងសង់នៅកំឡុងខែតុលា ឆ្នាំ២០២៤ ខាងមុខ។

ឯកឧត្តមគូសបញ្ជាក់ទៀតដែរថា បច្ចុប្បន្ន ក្រុមការងារសាងសង់ កំពុងពន្លឿនការងារដែលនៅសេសសល់ ដូចជា ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងការងារមួយចំនួនទៀត ដើម្បីឈានទៅសម្រេចលទ្ធផល ជារួមនាពេលឆាប់ៗខាងមុខ។

គួរឲ្យដឹងដែរថា ផ្លូវជាតិលេខ៧១C ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ ក្រោមហិរញ្ញប្បទានថវិកាពី សាធារណរដ្ឋប្រជាមានិតចិនប្រមាណ ១២៩,៩៨ លានដុល្លារ និងថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។