ភ្នំពេញ៖ បើយោងតាម ការបញ្ជាក់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាប្រមាណជា ៥ ០០០នាក់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតមួយ របស់ប្រទេសចិន ដែលមានឈ្មោះថា BYD មានគម្រោងចូលមក បណ្តាក់ទុន ដើម្បីបង្កើតរោងចក្រ ផលិតរថយន្តនៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែង សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រៅពីក្រុមហ៊ុន BYD កម្ពុជានៅមានក្រុមហ៊ុនចំនួន ២ទៀត ដែលបានស្នើសុំមក បើករោងចក្រនៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា មានរួចហើយនូវក្រុមហ៊ុនផលិតរថយន្តធំៗ ដូចជាហ្វត (Ford) របស់សហរដ្ឋអាមេរិក ក្រុមហ៊ុនតូយ៉ូតា (Toyota) របស់ប្រទេសជប៉ុន និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ (Hyundai) របស់ប្រទេសកូរ៉េខាងត្បូងជាដើម ដែលកំពុងដំណើរការសកម្មភាព ការងាររបស់ខ្លួននៅក្នុង ប្រទេសកម្ពុជានោះ។

នេះគឺជាការពង្រីកទំហំសេដ្ឋកិច្ចរបស់កម្ពុជា ដោយសម្តេចសង្ឃឹមថា នៅថ្ងៃខាងមុខ ក្រុមហ៊ុនធំៗមកពី ខាងក្រៅប្រទេសទាំងឡាយ នឹងអាចភ្ជាប់ខ្លួនជា បណ្តាក្រុមហ៊ុនតូច និងមធ្យម នៅកម្ពុជា សម្រាប់ការផ្គត់ផ្គង់គ្រឿងផ្សំ ជាក់ជាមិនខានឡើយ


គូសសម្គាល់ដែរថា ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD កំពុងស្ថាបនា មជ្ឈមណ្ឌលផ្ដល់សេវាចំនួន ០២ទីតាំង និងមានផែនការ ក្នុងការដំឡើងស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នា នៅទូទាំងប្រទេសកម្ពុជា ស្របតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល ក្នុងការជម្រុញ ការប្រើប្រាស់យានយន្តអគ្គិសនី នៅក្នុងប្រទេសផងដែរ។