ក្រោយរូបសំណាកសេះសមុទ្រ ទទួលបានប្រជាប្រិយភាពខ្លាំង ពេលនេះខេត្តកំពត ចាប់ផ្តើមបុកគ្រឹះសាងសង់ នាឡិកាយក្ស កម្ពស់ ៣៥ ម៉ែត្រ ដើម្បីជម្រុញបន្ថែមភាពទាក់ទាញ និងទេសចរ!


ខេត្តកំពត៖ យោងតាមប្រភពពីរដ្ឋបាលខេត្តកំពត កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា អាជ្ញាធរខេត្តកំពត បានកំពុងបុកគ្រឹះសាងសង់នាឡិកាយក្ស ដែលមានកម្ពស់ ៣៥ម៉ែត្រ និងអង្កត់ផ្ចិតជិត១០ម៉ែត្រ (៩,៧ម៉ែត្រ) ព្រមទាំងរចនាតាម រចនាបថរបស់ខ្មែរសុទ្ធសាធ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត បន្ទាប់ពីទទួលជោគជ័យលើ ការកសាងរូបសំណាក សេះសមុទ្របាញ់ទឹក។

គួរឲ្យដឹងដែរថា នាឡិកាយក្សដែលកំពុងតែ បុកគ្រឹះសាងសង់នេះ មានទីតាំងស្ថិតនៅតាម ដងព្រែកកំពង់បាយ មុខសាលាខេត្តឈៀងខាងត្បូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត តែម្តង។

ក្នុងនោះដែរ អ្នកនាំពាក្យខេត្តកំពត លោក អ៊ឹង ឆាយ បានប្រាប់ឲ្យដឹងថា គម្រោងនេះបានចាប់ផ្ដើមសាងសង់ ក្រោមគំនិតផ្ដួចផ្ដើមរបស់ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន ហើយគ្រោងនឹងបញ្ចប់ ការសាងសង់ក្នុងខែសីហាខាងមុខនេះ។

លោកជឿជាក់ថា សមិទ្ធផលថ្មីនេះបង្កើតឡើង ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ បន្ទាប់ពីទទួលជោគជ័យលើ ស្ថាបនាឆ្នេរខ្សាច់កម្សាន្ត ពិសេសរូបសំណាកសេះសមុទ្របាញ់ទឹក ដែលបានទទួលការគាំទ្រ និងមានការកើនឡើងចំនួន ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា អាជ្ញាធរខេត្តកំពត បានត្រៀមរៀបចំស្ថាបនា ឆ្នេរខ្សាច់សមុទ្រមួយបន្ថែមទៀត នាពេលខាងមុខនេះ ដែលមានចម្ងាយប្រមាណប្រាំបីគីឡូម៉ែត្រ ពីកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីធ្វើឱ្យខេត្តមួយនេះ មានឆ្នេរសមុទ្រសម្រាប់ ភ្ញៀវទេសចរមកលេងកម្សាន្ត ដូចខេត្តបីផ្សេងទៀត រួមមានខេត្តព្រះសីហនុ កោះកុង និងខេត្តកែប ផងដែរ។

ដោយឡែក ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បាននិយាយថា ការកសាងនាឡិកាយក្សនេះ ចង់បង្ហាញពីផលិតទេសចរថ្មីៗ បន្ថែមទៀតសម្រាប់ខេត្តកំពត និងបង្កើនការទាក់ទាញទេសចរ មកកម្សាន្តនៅខេត្តមួយនេះ ផងដែរ។ ចំណុចដ៏សំខាន់មួយទៀត គឺចង់ដាក់បង្ហាញនាឡិកា ដែលមានរចនាបថខ្មែរទាំងស្រុង។

លោកបាននិយាយថា នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក្នុងខេត្តកំពត នាពេលបច្ចុប្បន្ននេះ ប៉ុន្តែអ្វីដែលសំខាន់គឺនឹងត្រូវអភិវឌ្ឍ ជាជំហ៊ានៗ។

ប្រភពពី រដ្ឋបាលខេត្តកំពត