គម្រោងផ្លូវជាតិលេខ៣៣ គ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ ២០២៤ នេះ


គម្រោងលើកកម្រិតផ្លូវជាតិលេខ៣៣ ទាំងមូល ត្រូវបានរាជរដ្ឋាភិបាល បើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពឡើងវិញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ គិតមកត្រឹមខែមិថុនា ឆ្នាំ២០២៤ សម្រេចការងារបានលើស ៨០% មកហើយ ដោយត្រៀមនឹងបញ្ចប់ការងារទាំងស្រុង នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះ បើគ្មានអ្វីប្រែប្រួល។

គម្រោងលើកកម្រិតផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥ គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលធុរេន ទីរួមខេត្តកំពត ចំណុចបំបែកផ្លូវជាតិលេខ៣ គីឡូម៉ែត្រ (១៤៨+១០០) រហូតដល់ច្រកព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម (កំពត-ហាទៀង) ដោយឆ្លងកាត់ភូមិសាស្ត្រ ស្រុកទឹកឈូ ស្រុកកំពង់ត្រាច នៃខេត្តកំពត និងឆ្លងកាត់ ក្រុងកែប ស្រុកដំណាក់ចង្អើរ នៃខេត្តកែប។ ដោយគម្រោងនេះ ត្រូវបានអភិវឌ្ឍន៍ ពីផ្លូវកៅស៊ូស្រទាប់ស្ដើង DBST ទៅជាផ្លូវបេតុងសសៃដែក អ៊ុតកៅស៊ូ AC បន្ថែម និងពង្រីកទទឹងផ្លូវចាប់ពី១១ ទៅ ១២ ម៉ែត្រទៅតាមទីតាំងភូមិសាស្ត្រ បូករួមទាំងការដាក់លូនៅតំបន់ក្រុង និងសាងសង់ស្ពានថ្មីបន្ថែម។

ផ្លូវជាតិលេខ៣៣ ត្រូវបានម៉ៅការសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងពិនិត្យគុណភាពដោយ ក្រុមហ៊ុនបច្ចេកទេសក្វាងចូវ វ៉ានអាន ជ្រើសរើសយកកម្រិត បច្ចេកទេសចិនកម្រិត២ ដើម្បីបង្កើនភាពធន់ទៅនឹងអាកាសធាតុ និងទម្រង់នៃ ការដឹកជញ្ជូនប្រចាំថ្ងៃ ហើយការសាងសង់នេះ ធ្វើឡើងក្រោមកម្ចីហិរញ្ញប្បទាន ពីរដ្ឋាភិបាលចិន។

ផ្លូវជាតិលេខ៣៣ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់ការធ្វើដំណើរ រវាងខេត្តកំពត និងខេត្តកែប ជាពិសេសទៅលើ វិស័យទេសចរណ៍ ការដឹកជញ្ជូនកសិផល ជលផល ពាណិជ្ជកម្ម លើសពីនេះ សម្រាប់តភ្ជាប់ខឿនសេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយប្រទេសជិតខាងផងដែរ។ គម្រោងផ្លូវជាតិលេខ៣៣ នឹងជួយសម្រួលដល់ការធ្វើដំណើររវាងខេត្តកែប និងកំពត ពង្រឹងពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញវិនិយោគ ទុនបន្ថែមនៅខេត្តទាំងពីរផងដែរ។