ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម រំពឹងកើនឡើងលើសពី ១០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤


ក្រោយវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម បានកើនឡើងគួរអោយកត់សម្គាល់ ដោយនៅអំឡុងឆ្នាំ២០២០ មានទំហំត្រឹម ៥,៣២ ពាន់លានដុល្លារប៉ុណ្ណោះ មកដល់ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគី បានហក់ដល់ ១០,៥៧ ពាន់លានដុល្លារ ប៉ុន្តែឆ្នាំ២០២៣ បានធ្លាក់មកត្រឹម ៨,៦ ពាន់លានដុល្លារប៉ុណ្ណោះ។ យ៉ាងណាមិញ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បង្ហាញសុទិដ្ឋិនិយមថា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម អាចនឹងឡើងលើសពី ១០ ពាន់លានដុល្លារ យោងតាមភាពល្អប្រសើរ នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា វៀតណាមជាទីផ្សារធំលំដាប់ទី២ របស់កម្ពុជា ក្នុងការនាំចេញបន្ទាប់ពី សហរដ្ឋអាមេរិច និងជាដៃគូរវិនិយោគធំលំដាប់ទី១០ នៅកម្ពុជា ដោយភាគច្រើនទំនិញនាំចេញ ពីកម្ពុជាទៅវៀតណាម ជាផលិតផលកសិកម្ម ដូចជា ស្រូវ-អង្ករ កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ និងកប្បាស ជាដើម។ ចំណែកផលិតនាំចូលពី ប្រទេសវៀតណាមវិញ មានដូចជា សម្ភារៈសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អគ្គិសនី-អេឡិចត្រូនិក ជីកសិកម្ម ចំណីសត្វ បន្លែ និងផ្លែឈើ ជាដើម។

នៅក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម រំពឹងកើនឡើងលើសពី ១០ ពាន់លានដុល្លារ ដោយសារលំនឹងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមានភាពល្អប្រសើរ។ លើសពីនេះទៀត ភាគីកម្ពុជា-វៀតណាម ត្រូវបន្ដចាំបាច់នូវការបង្កើតលក្ខខណ្ឌ អំណោយផលសម្រាប់សហគ្រិន និងអ្នកវិនិយោគរវាងប្រទេសទាំងពីរ ដើម្បីបង្កើនការវិនិយោគ ជាក់ស្ដែង គិតមកទល់បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនវិនិយោគចំនួន ៣៥ គម្រោងនៅប្រទេសវៀតណាម ដែលមានទុនប្រមាណ ៧៥ លានដុល្លារ ចំណែកវៀតណាម មានក្រុមហ៊ុនវិនិយោគចំនួន ២០៨ គម្រោងនៅកម្ពុជា ក្នុងរង្វង់ទុន ២,៩ ពាន់លានដុល្លារ។

ចំពោះការជំរុញ សេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ភាគីទាំងពីរកំពុងយកចិត្តទុកដាក់ លើការធ្វើអោយប្រសើរឡើង នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តួយ៉ាងការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលតភ្ជាប់ទៅកាន់ផ្លូវល្បឿនលឿន ម៉ុកបៃ-ហូជីមិញ ការតភ្ជាប់ជើងហោះហើរផ្លូវអាកាស និងគម្រោងសាងសង់ផ្លូវដែកអាស៊ាន ជាដើម ដោយសកម្មភាពទាំងនេះ នឹងជួយសម្រួលដល់ ផ្នែកពាណិជ្ជកម្ម ផ្នែកទេសចរណ៍ ការផ្លាស់ប្ដូរវប្បធម៌ ជំរុញកំណើនសេដ្ឋកិច្ច និងទំនាក់ទំនង រវាងប្រទេសទាំងពីរ។