ចំនួនភ្ញៀវទេសចរអន្តរជាតិ មកកាន់កម្ពុជា ក្នុងខែឧសភាឆ្នាំនេះ ធ្លាក់ចុះប្រមាណ ២% ធៀបនឹងខែមេសា តែកើនឡើង ១៥,៦% បើធៀបនឹងខែឧសភាឆ្នាំមុន!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយ ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងកាលពីថ្ងៃ ២ កក្កដាកន្លងទៅថា មានភ្ញៀវទេសចរអន្តរជាតិចំនួន ៥២៤.៣៩០ នាក់ បានមកទស្សនាប្រទេសកម្ពុជា ក្នុងខែឧសភាឆ្នាំនេះ ធ្លាក់ចុះ ២% បើធៀបនឹងខែមេសា ដែលមានចំនួន ៥៣៣.៩៣២នាក់ ប៉ុន្តែកើនឡើងជិត ១៦% បើធៀបនឹងខែដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៤៤២.១១៤ នាក់។

របាយការណ៍ដដែល បានអោយដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ក្នុងរយៈពេល៥ខែកន្លងមកនេះ បានកើនឡើងដល់ ២.៦៤០.៩៩៩ នាក់ ដែលស្មើនឹង ៤៨% នៃភ្ញៀវទេសចរសរុប ដែលបានធ្វើដំណើរ មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ ២០២៣។

ជាក់ស្តែង ក្នុងនោះដែរ ចាប់ពីខែមករា ដល់ខែឧសភា ភ្ញៀវទេសចរអន្តរជាតិ ធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹកមាន ១ ៦៥៤ ៥៦៤នាក់ ខណៈអ្នកដំណើរ ៩៨៦ ៤៣៥នាក់ បានធ្វើដំណើរតាមផ្លូវអាកាស ដោយឆ្លងកាត់អាកាសយានដ្ឋានទាំងបី រួមមាន អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរ ២៨១ ៣៧០នាក់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន ៦៩៩ ០០៧នាក់ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ៦ ០៥៨ នាក់។

ប្រភពដដែល បានបន្តថា ចាប់ពីខែមករា ដល់ខែឧសភា មានភ្ញៀវទេសចរមកពីប្រទេសថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េ បារាំង ឥណ្ឌូនេស៊ី ចក្រភពអង់គ្លេស និងជប៉ុន បានមកកម្សាន្តនៅកម្ពុជា។ ភ្ញៀវទេសចរមកពីប្រទេសថៃ មានចំនួនច្រើនជាងគេគឺដល់ទៅ ៧៧០ ៣៧១នាក់ បន្ទាប់មកជនជាតិវៀតណាម ៥២៨ ២៥២នាក់ និងចិន ៣២៦ ០០៣នាក់។

យោងតាមរបាយការណ៍ក្នុងខែឧសភា ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមផ្លូវអាកាស មានចំនួន ១៦១.៤៧៨ នាក់ ខណៈដែល ៣៦២.៩១២ នាក់បានធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក សរុបមានចំនួន ៥២៤.៣៩០ នាក់ក្នុងខែដំបូង។

ចំនួននេះបានធ្លាក់ចុះតិចតួចប្រហែល ២% បើប្រៀបធៀបទៅនឹង ភ្ញៀវទេសចរអន្តរជាតិសរុប នៅក្នុងខែមេសាចំនួន ៥៣៣.៩៣២នាក់ ប៉ុន្តែបើប្រៀបធៀប ទៅនឹងភ្ញៀវទេសចរ ៤៤២.១១៤ ក្នុងរយៈពេលប្រាំខែដំបូង នៃឆ្នាំ២០២៣ របាយការណ៍បានបង្ហាញថា មានការកើនឡើង ១៥,៦%។

យ៉ាងណា លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) មានប្រសាសន៍ថា “ជាទូទៅ រដូវវស្សាគឺជារដូវ មានអ្នកទេសចរតិចបំផុតនៅកម្ពុជា ដែលមានរយៈពេល ចន្លោះពីខែឧសភា ដល់ចុងខែកញ្ញា”។

លោកជំទាវ បានជម្រុញឱ្យរាជរដ្ឋាភិបាល ដាក់ចេញនូវ យុទ្ធសាស្ត្រផ្សព្វផ្សាយ មួយចំនួនដូចជា ការកាត់បន្ថយថ្លៃសំបុត្រ ចូលទស្សនាអង្គរ ឬទិដ្ឋាការក្នុងគោលបំណង លើកទឹកចិត្តភ្ញៀវទេសចរ ឱ្យទៅទស្សនាគោលដៅសក្តានុពល ក្នុងអំឡុងពេលដែលមាន សកម្មភាពទេសចរណ៍តិចជាងមុន។

យោងតាមរបាយការណ៍ស្ថិតិទេសចរណ៍នៅខែឧសភា ឆ្នាំ២០២៤ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ ទំនងជានឹងធ្លាក់ចុះ នៅក្នុងខែមិថុនា និងខែកញ្ញា ដែលជារដូវកាលមាន សកម្មភាពទេសចរណ៍តិច បន្ទាប់ពីជំងឺរាតត្បាតកូវីដ បានបញ្ចប់។

ដោយឡែក បើយោងតាមការប៉ាន់ស្មាន និងរំពឹងទុកកន្លងមកគឺថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ជាទូទៅបានកើនឡើងនៅក្នុងខែវិច្ឆិកា ធ្នូ និងខែមករា។