ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅក្នុងខេត្តកោះកុង អាចនឹងដាក់អោយដំណើរការហោះហើរ នៅអំឡុងចុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដោយដំណាក់កាលដំបូង នឹងមានការហោះហើរជាលក្ខណៈក្នុងស្រុក កម្រិតបឋមសិន នឹងអាចឈានទៅដល់ ការហោះហើរកម្រិតមធ្យម កម្រិតធំ និងកម្រិតអន្តរជាតិនាពេលអនាគត បើយោងតាមប្រសាសន៍របស់ លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល។
នៅក្នុងកិច្ចប្រជុំវាយតម្លៃ វឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិ តារាសាគរ កាលពីចុងខែមិថុនា ក្រុមហ៊ុនវិនិយោគព្រលានយន្ដហោះនេះ (Union Development Group) មានបំណងចង់បើកដំណើរការ ហោះហើរនៅក្នុងស្រុកសិន ក្នុងដំណាក់កាលទី១ កម្រិត 2B ខណៈពេលដែល គម្រោងសាងសង់បានរួចរាល់ជិត ១០០% មកហើយ បើគ្មានបញ្ហាប្រែប្រួលទេ នឹងចាប់ផ្ដើមហោះហើរ នៅអំឡុងចុងខែសីហា ឆ្នាំ២០២៤ តែម្ដង ចំណែកការហោះហើរលក្ខណៈអន្តរជាតិ នឹងត្រូវធ្វើឡើងនៅពេលក្រោយ និងត្រូវស្នើសុំវិញ្ញាបនបត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់។
បើតាមផែនការជាក់ស្ដែង អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងត្រូវវិនិយោគជាទឹកប្រាក់សរុប ៣៥០ លានដុល្លារ ដោយអភិវឌ្ឍន៍ជា អាកាសយានដ្ឋានកម្រិត 4E ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ និងសង្គ្រាមនៅតំបន់មួយចំនួន ព្រលានយន្ដហោះនេះ ត្រូវបានពន្យាពេលដំណើរការអស់រយៈពេលជាង ២ ឆ្នាំយឺតជាងផែនការ។
យ៉ាងណាមិញ ការបើកដំណើរការក្នុងកម្រិតទី១ ក្រុមហ៊ុនបានចំណាយ ទុនវិនិយោគប្រមាណ ២០០ លានដុល្លារ សាងសង់ព្រលានយន្ដហោះ នៅលើផ្ទៃដី ២១៨ ហិកតា និងមានដីទុកបម្រុង ១០០០ ហិកតា ដែលមានផ្លូវរត់ប្រវែង ១៨០០ ម៉ែត្រ ទទឺង ៦៥ ម៉ែត្រ ជាព្រលាយន្ដហោះកម្រិតតំបន់ 2B និងត្រៀមអភិវឌ្ឍន៍បន្ថែម នាពេលខាងមុខ។