តំបន់រមណីយដ្ឋានអង្គរ រកចំណូលបានជាង ២៤ លានដុល្លារ ក្នុងរយៈពេល ៦ ខែ


ចាប់ពីខែមករា មកដល់ខែមិថុនា ឆ្នាំ២០២៤ តំបន់រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៥២១ ៩៥០ នាក់ ក្នុងនោះ ចំណូលបានមកពីការលក់ប័ណ្ណ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ទទួលបានសរុប ២៤ ៣៥៧ ៦៩៤ ដុល្លារ ដែលបានកើនឡើងប្រមាណ ៣៦% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

របាយការណ៍ពីគ្រឹះស្ថានអង្គរ បានបង្ហាញថា រយៈពេលមួយឆមាសដំបូង ក្នុងឆ្នាំ២០២៤ មានចំនួនភ្ញៀវទេសចរអន្តរជាតិ កើនឡើងជាងឆ្នាំមុនប្រមាណ ៣៥% ចំណែកចំណូលបានពី ការលក់ប័ណ្ណទស្សនា បានកើនឡើង ៣៦% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ខែមិថុនាតែឯង មានភ្ញៀវទេសចរអន្តរជាតិ ៤៩ ៧០០ នាក់ បានមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ជាមួយចំណូលលក់ប័ណ្ណទស្សនាជាង ២,១ លានដុល្លារ កើនឡើង ២០% បើធៀបនឹងខែមិថុនា ឆ្នាំ២០២៣ និងកើនឡើង ១៨% ធៀបទៅនឹងខែមិថុនា ឆ្នាំ២០២២។

ដោយឡែក ចំពោះតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារវិញ រយៈពេល ៦ ខែដំបូងនេះ មានភ្ញៀវទេសចរអន្តរជាតិចំនួន ១០ ៨២៨ នាក់មកទស្សនា និងចំណូលបានពីការ លក់ប័ណ្ណទេសចរណ៍ប្រមាណ ១៦២ ៤២០ ដុល្លារ ក្នុងនោះខែមិថុនាតែឯង មានភ្ញៀវទេសចអន្តរជាតិចំនួន ៧០១ នាក់ រកចំណូលបាន ១០ ៥១៥ ដុល្លារ។

សូមបញ្ជាក់ផងដែរថា ប្រាក់ចំណូលបានពីការលក់ ប័ណ្ណទស្សនាតំបន់រមណីយដ្ឋានអង្គរ សរុបប្រមាណ ២៤ លានដុល្លារ ក្នុងរយៈពេល ៦ ខែ ត្រូវបានបរិច្ចាកទៅកាន់មូលនិធិ គន្ធបុប្ផា សរុបចំនួន ១ ០៤៣ ៩០០ ដុល្លារ។