កម្ពុជា នាំចេញកសិផលបានប្រមាណ ៦,១៣ លានតោន ក្នុងឆមាសទី១ នៃឆ្នាំនេះ កើនឡើង ៥៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម ចុះផ្សាយដោយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី ២ កក្កដា កន្លងទៅបានឲ្យដឹងថា កម្ពុជាបាននាំចេញកសិផលជាង ៦,១៣ លានតោនក្នុងឆមាសទី១ ឆ្នាំ ២០២៤ កើនឡើង ៥៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលរកចំណូលបានជាង ២,៨ ពាន់លានដុល្លារ។

ជាក់ស្តែង របាយការណ៍បានឲ្យដឹងថា ការនាំចេញកសិផល ក្នុងឆមាសទីមួយឆ្នាំនេះ បានកើនឡើងជាង ២,២៣ លានតោន។ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផល បានត្រឹមតែ ៣,៩ លានតោនប៉ុណ្ណោះ ដែលរកចំណូលបាន ២,៤ ពាន់លានដុល្លារ។

កសិផលរបស់កម្ពុជា ដែលបានរួមចំណែក ជម្រុញកំណើននៃ ការនាំចេញរួមមាន អង្ករ ស្រូវ ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ផ្លែស្វាយស្រស់ មៀនប៉ៃលិនស្រស់ និងម្រេច។ ទំនិញកសិផលទាំងនោះ ត្រូវបាននាំចេញទៅកាន់ ប្រទេសនិងតំបន់ចំនួន៨០ រួមមានវៀតណាម ថៃ ចិន និងកូរ៉េខាងត្បូង ផងដែរ។

បន្ថែមពីនេះ របាយការណ៍បានបន្តថា “ការនាំចេញកសិផលជាង ៣,៨៦ លានតោន គឺជាផលិតផលមិនមែនអង្ករ ដែលរកចំណូលបានជាង ២,១ ពាន់លានដុល្លារ” និងការនាំចេញអង្ករ មានចំនួន ៣៣០.០០០ តោន និងស្រូវច្រើនជាង ១,៩២ លានតោន។

យ៉ាងណា ក្នុងឆមាសទី១ឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជា កើនឡើង ២,៧៤% ស្រូវ ៥៧,២៨% ម្សៅដំឡូងមីជាង ១០០% គ្រាប់ស្វាយចន្ទីជាង ៥០% និងពោត ២៥០% ខណៈដំឡូងមីស្ងួតថយចុះ ៨% និងចេកស្រស់ ២២%។

ដោយឡែក ការនាំចេញផ្លែស្វាយស្រស់កើនឡើងជាង ១០០% ស្វាយស្ងួត ៣៨% ផ្លែមៀនប៉ៃលិនជាង ១២០% និងម្រេចជាង ១១៧% ខណៈកសិផលផ្សេងទៀតធ្លាក់ចុះ ១៣%។

គូសសម្គាល់ផងថា កាលពីដើមសប្តាហ៍នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវ ឱ្យមានការខិតខំប្រឹងប្រែង លើកកម្ពស់កសិផល ជាពិសេសតាមរយៈ ការធ្វើពិពិធកម្ម ដើម្បីលើកស្ទួយជីវភាពរបស់កសិករ។ សម្តេចធិបតី បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ បង្កើនការត្រួតពិនិត្យគុណភាព សុវត្ថិភាព និងសមត្ថភាពកែច្នៃ ព្រមទាំងបង្កើតខ្សែសង្វាក់តម្លៃ សម្រាប់ពង្រឹងការប្រកួតប្រជែង ផលិតផលកសិកម្មកម្ពុជា សម្រាប់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។

បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានលើកលែងពន្ធលើ ផលិតផលកសិកម្ម រួមមានអង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូពីពន្ធបន្ថែម ទាំងទីផ្សារក្នុងស្រុក និងនាំចេញ ផងដែរ។

គួររម្លឹកដែរថា កាលពីឆ្នាំមុន កម្ពុជាបាននាំចេញកសិផលចំនួន ៨,៨២ លានតោន ដោយរកចំណូលបានជិត ៥ ពាន់លានដុល្លារ។ ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញក្នុងឆ្នាំមុន រួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច និងថ្នាំជក់ ជាដើម។