ផ្លូវជាតិលេខ៣១ បែកគុស-កំពង់ត្រាច នឹងបញ្ចប់ការងារ ១០០% នៅត្រឹមខែសីហា ឆ្នាំ២០២៤


គម្រោងស្ដារគុណភាព ផ្លូវជាតិលេខ៣១ ឡើងវិញ មានប្រវែង ៥៣ គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ៣ បែកគុស ខេត្តតាកែវ រហូតដល់ទីរួមស្រុកកំពង់ត្រាច ខេត្តកំពត សម្រេចបានយ៉ាងរលូន ពោលគឺបញ្ចប់ការងារ ១ ឆ្នាំលឿនជាងផែនការ ដោយគិតមកទល់ពេលនេះ ការងារអ៊ុតកៅស៊ូបេតុង AC ទាំង ២ ស្រទាប់បានសម្រេចរួចរាល់ ១០០% មកហើយ នៅសេសសល់តែ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ ផ្លាកបង្ហាញទិសដៅផ្លូវ -ល- ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅត្រឹមចុងខែសីហា ឆ្នាំ២០២៤ នេះតែម្ដង។

ផ្លូវជាតិលេខ៣១ គឺជាផ្លូវសេដ្ឋកិច្ចសំខាន់មួយ តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅកាន់ផ្លូវជាតិលេខ៣៣ ចំណុចទីរួមស្រុកកំពង់ត្រាច ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើដំណើរ ទេសចរណ៍ ដឹកជញ្ជូនទំនិញ និងពាណិជ្ជកម្មអន្តរជាតិ។ គម្រោងស្ដារឡើងវិញ នូវផ្លូវជាតិលេខ៣១ និងលេខ៣៣ ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ នៅខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា និងតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ប្រទាក់ក្រឡាជាមួយ ផ្លូវជាតិសំខាន់ៗផ្សេងទៀត រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈ ការទាក់ទាញវិនិយោគិន ការផ្ដោះប្ដូរពាណិជ្ជកម្ម និងពង្រឹងវិស័យទេសចរណ៍ជាដើម។

គម្រោងផ្លូវជាតិលេខ៣១ ត្រូវបានចាប់ផ្ដើមឡើងកាលពីខែធ្នូ ឆ្នាំ២០២២ សាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សា ក្វាងចូវ វ៉ានអាន និងចំណាយថវិកាប្រមាណ ៦០ លានដុល្លារ ជាកម្ចីហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។

គម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ មានការងារអនុវត្តដូចជា ការអភិវឌ្ឍន៍ពីផ្លូវកៅស៊ូ DBST ទៅជាផ្លូវបេតុងកៅស៊ូ AC កម្រាស់ ៧ សង់ទីម៉ែត្រ ពង្រីកទទឹងផ្លូវទៅ ១២ ម៉ែត្រ ជួសជុលស្ពាន ដែលមានស្រាប់ចំនួន ២ កន្លែង ដាក់លូធំតូចចំនួន ១៤៤ កន្លែង និងមានផ្លូវវៀងស្រុកចំនួន ២ កន្លែង គឺស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស។