ផ្លូវឡូរីពីរខ្សែសរុបប្រវែង ៩,២ គ.ម ព្រមទាំងរូងក្រោមដី ៣កន្លែង ក្នុងតំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ត្រូវបានសាងសង់រួចរាល់ និងត្រៀមទទួលភ្ញៀវទេសចរ ក្រោយថ្ងៃ ២០ កក្កដានេះ!


កំពង់ស្ពឺ៖ បើយោងតាមផេក ហ្វេកប៊ុកផេកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានបង្ហោះផ្សាយកាលពីថ្ងៃទី ៥ កក្កដា កន្លងទៅបានឲ្យដឹងថា ផ្លូវឡូរី២ខ្សែ ទៅមកសរុបប្រវែង ៩.២០០ម៉ែត្រ ដែលរួមមានស្ថានីយ៍ទី១ និងទី២ ព្រមទាំងមានរូងក្រោមដី ៣កន្លែង នៅតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ កំពង់ស្ពឺ បានសាងសង់រួចរាល់ជាស្ថាពរ។

ដូចគ្នានេះដែរ ប្រភពដដែលក៏បានបន្ថែមឲ្យដឹងថា ក្រុមការងារ បានស្ថាបនាតំឡើងឡូរីបានចំនួន ៣០គ្រឿងដែរ ដែលសុទ្ធសឹងតែដំណើរការដោយ ថាមពលកកើតឡើងវិញ (អាគុយ)។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានបញ្ជាក់ផងថា គម្រោងសាងសង់ផ្លូវឡូរីនេះ បានសាងសង់ប្រើអស់រយៈពេល ០៦ខែ ចាប់ពីដើមខែមករា ឆ្នាំ២០២៤ មកទល់ពេលនេះ ទើបបានរួចរាល់។

គួរឲ្យដឹងដែរថា ក្រោយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ តំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ក៏នឹងអាចទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ អោយមកជិះលេងកម្សាន្ត នៅគម្រោងឡូរី និងផ្លូវរូងក្រោមដីនេះបានហើយ។