កម្ពុជា គ្រោងប្រើកញ្ចប់ថវិកាតម្លៃ ៥០ លានដុល្លារ ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ សម្រាប់ឆ្នាំ ២០២៤-២០២៥!


ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១០ កក្កដា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

ក្នុងកិច្ចប្រជុំនោះដែរ បានសម្រេចឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចធិបតី គ្រោងចំណាយថវិកា ៥០លានដុល្លារ លើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ សម្រាប់ឆ្នាំ២០២៤ ២០២៥ ឲ្យបានកាន់តែច្រើន។

ជាក់ស្តែង ក្នុងនោះដែរ ទីប្រឹក្សាសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានមានប្រសាសន៍ឲ្យដឹង បន្ទាប់ពីបានចូលរួម កិច្ចប្រជុំមួយផ្សេងទៀត កាលពីថ្ងៃទី៩ កក្កដាកន្លងមកថា វាជាលទ្ឋផលនៃការតស៊ូ មតិរយៈពេល២០ឆ្នាំមកហើយ ដែលនេះជាអ្វី ដែលក្រុមការងារផ្នែកឯកជន បានសម្តែងការអបអរសាទរ ហើយថវិកានេះនឹង ប្រើប្រាស់លើការងាររដ្ឋបាល ការផ្សព្វផ្សាយ ការងារធ្វើទីផ្សារ ជាដើម។

ដូចគ្នានេះដែរ លោកបាននិយាយបន្តថា “ថវិកានេះជាបដិភាគ របស់រដ្ឋាភិបាល ការចូលរូមពីវិស័យអាកាសចរណ៍ និងព្រលានយន្តហោះនានា។ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)បានដើរតួនាទីមួយជំហ៊ានហើយ ដែលថ្នាក់ដឹកនាំ សមាគមនេះ បានចំណាយទាំងពេលវេលា ថវិកាផ្ទាល់ខ្លួនដើម្បីផ្សព្វផ្សាយ ទេសចរណ៍ពីកម្ពុជា ទៅកាន់ពិភពលោក។”

លោកទីប្រឹក្សាសមាគម ក៏បានបន្តថា យើងត្រូវការបញ្ចុះតម្លៃសេវាកម្ម ការរឹតបន្តឹងការងារមួយចំនួន ការងារទាក់ទងនឹងទិដ្ឋាការ ដែលគូរលើកលែង។ បញ្ហាសណ្តាប់ធ្នាប់ អនាម័យ សវុត្ថិភាព យើងមិនគួរមើលរំលង ព្រោះវាជាភាពទាក់ទាញមួយ។ ដោយឡែក បញ្ហាតម្លៃសំបុត្រយន្តហោះមកកម្ពុជា ថ្លៃជាងគោលដៅដទៃទៀត ដោយសារយន្តហោះរបស់គេ មានភ្ញៀវជិះពេញៗ ប៉ុន្តែមកកាន់គោលដៅកម្ពុជា មានភ្ញៀវជិះចន្លោះពី ៥០ ទៅ ៧០% នៃកៅអីយន្តហោះសរុបប៉ុណ្ណោះ។

ស្របនឹងគម្រោងមួយនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន បានប្តេជ្ញាចិត្ត ជាមួយវិស័យឯកជន ដើម្បីធ្វើការងារនេះ ទោះបីធ្វើការមិនបាន សម្រាកក៏ដោយ។