ក្រុមហ៊ុន Toyota Cambodia គ្រោងនឹងបង្កើតសាលាបណ្តុះបណ្តាល ជំនាញបច្ចេកទេសយានយន្ត នៅកម្ពុជា!


ភ្នំពេញ៖ កាលពីថ្ងៃ ៨ កក្កដា កន្លងទៅ នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) លោក Fujitsu Ryojo បានធ្វើការចូលរួម ជួបប្រជុំជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បធ្វើការរាយការណ៍ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន នៅលើទឹកដីកម្ពុជា ក្រោយបើកសម្ពោធ ដំណើរការមួយរយៈកន្លងមក។

ជាដំបូង លោកនាយកក្រុមហ៊ុន បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុនតូយ៉ូតា ក្នុងការបង្កើតសាលាបណ្ដុះបណ្ដាល ជំនាញយានយន្ត (Toyota Academy) នៅកម្ពុជា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតី ថ្លែងក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ កន្លងមកនេះ និងគោរពស្នើសុំអនុសាសន៍ណែនាំ ពីសម្ដេចធិបតី ពាក់ព័ន្ធនឹងការរៀបចំ បង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះលោក Fujita Ryoji និងគណៈប្រតិភូ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព រីកចម្រើននៃក្រុមហ៊ុនតូយ៉ូតា។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានសម្ដែងនូវ ការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុនលើការ បង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា ដោយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហការយ៉ាងជិតស្និទ្ធជាមួយនឹង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិត អំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម។

ស្របពេលនោះដែរ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ ដល់ក្រុមហ៊ុន ក្នុងការរៀបចំបង្កើត សាលាបណ្តុះបណ្តាលនេះជា ២ជម្រើស ដោយជម្រើសទី (១) គឺក្រុមហ៊ុនអាចរៀបចំ បង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និងជម្រើសទី២ ជាទម្រង់កូនកាត់ (Hybrid) ដោយសហការ ជាមួយនឹងសាលាបណ្តុះបណ្តាលរបស់ រាជរដ្ឋាភិបាលដែលមានស្រាប់ តាមរយៈកិច្ចសហការ ជាមួយនឹងក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព ក្នុងការរៀបចំការបណ្តុះបណ្តាលនេះ ឱ្យមានលក្ខណៈទូលំទូលាយ ដោយមិនត្រឹមតែបណ្ដុះបណ្ដាល ធនធានមនុស្ស សម្រាប់តែបម្រើការ ក្នុងក្រុមហ៊ុនតូយ៉ូតា ប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកវិសាលភាព នៃការបណ្ដុះបណ្ដាល ដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃទីផ្សាការងារផ្នែកយានយន្ត ទាំងក្នុង និងក្រៅប្រទេស នាពេលអនាគត។

គួររម្លឹកដែរថា ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ និងមានរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ក្រុមហ៊ុន មានទីតាំងវិនិយោគនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមួយទុនវិនិយោគប្រមាណជិត ៣៧លានដុល្លារអាមេរិក។