ភ្នំពេញ៖ យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១២,២៩ពាន់លានដុល្លារ កើនឡើង១២,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ដោយឡែក ការនាំចូលវិញមានទំហំប្រមាណ ១៣,៧ពាន់លានដុល្លារ កើនឡើង ១២,៨% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សរុបសម្រេចបានជាង ២៦ពាន់លានដុល្លារ កើនឡើង១២,៧% នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ នេះ។
ប្រភពដដែលបានបន្តឲ្យដឹងថា ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ស្បែកជើង កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។
គោលដៅដែលកម្ពុជា បាននាំចេញទៅកាន់ ច្រើនជាងគេគឺ សហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។ សម្រាប់គោលដៅនាំចូលទំនិញ ច្រើនជាងគេរបស់កម្ពុជាវិញ មានដូចជា ប្រទេសចិន វៀតណាម និងប្រទេសថៃ។