ភ្នំពេញ៖ ប្រទេសកម្ពុជាបានចុះបញ្ជី រថយន្តអគ្គិសនីចំនួន ១ ៦១៤ គ្រឿង (EVs) គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចេញផ្សាយកាលពីថ្ងៃ ៩ កក្កដាកន្លងទៅ។
ប្រភពដដែល បានឱ្យដឹងថា ម៉ាករថយន្តអគ្គិសនី (EV) ដែលមានប្រជាប្រិយភាពបំផុតចំនួនបី ក្នុងប្រទេសកម្ពុជាមានដូចជា BYD របស់ប្រទេសចិន, ក្រុមហ៊ុន Toyota របស់ជប៉ុន និង Tesla របស់អាមេរិក។ ជាក់ស្តែងក្នុងនោះ កម្ពុជាបានចុះបញ្ជី រថយន្តអគ្គិសនីម៉ាក BYD ចំនួន ៦៥៨គ្រឿង រថយន្តម៉ាក Toyota ចំនួន២៦១ គ្រឿង និងរថយន្តម៉ាក Tesla ចំនួន១៨៦ គ្រឿង ផងដែរ។
គូសសម្គាល់ដែរថា បច្ចុប្បន្ននេះ កម្ពុជាមានស្ថានីយ៍ សាករថយន្តអគ្គិសនីចំនួន ១៨ ទីតាំង។ យ៉ាងណាបើតាមរបាយការណ៍ខាងលើ កម្ពុជាក៏បានចុះបញ្ជី ទោចក្រយានយន្តចំនួន ៩១៤ គ្រឿង និងត្រីចក្រយានយន្តអគ្គិសនីកង់បីចំនួន ៤៤០ គ្រឿង ផងដែរ ក្នុងរយៈពេលដូចគ្នា។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បាននឹងកំពុងលើកទឹកចិត្តប្រជាជន ឱ្យប្រើប្រាស់រថយន្តអគ្គិសនី និងទោចក្រយានយន្តអគ្គិសនី ដោយសារតែរថយន្តទាំងនោះ មិនប៉ះពាល់ដល់បរិស្ថាន និងសន្សំសំចៃប្រាក់អ្នកប្រើប្រាស់។ រាជរដ្ឋាភិបាល ក៏បានប្តេជ្ញាថា នឹងឲ្យមានរថយន្តអគ្គិសនី និងរថយន្តក្រុងចំនួន ៤០% និងទោចក្រយានយន្តអគ្គិសនីចំនួន ៧០% នៅឆ្នាំ២០៥០ ចរាចរនៅក្នុងផ្ទៃប្រទេស ដើម្បីកាត់បន្ថយការបំភាយកាបូន។
យ៉ាងណា ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាលបានកាត់បន្ថយពន្ធ នាំចូលលើយានយន្តអគ្គិសនី មកនៅត្រឹម ៥០% ទាបជាងពន្ធលើរថយន្តម៉ាស៊ីនចំហេះ ខាងក្នុងបែបប្រពៃណី ចាប់តាំងពីឆ្នាំ២០២១មក។