កម្ពុជា ប្តេជ្ញាកាត់បន្ថយនិងបញ្ចប់ បញ្ហាទឹកជំនន់នៅរាជធានីភ្នំពេញ តាមរយៈការដាក់ចេញ-អនុវត្តគម្រោងចំនួន ៥០ ក្នុងរយៈពេល ៥ឆ្នាំ!


ភ្នំពេញ៖ បើយោងតាមព័ត៌មាន ដែលទទួលបានពីហ្វេកបុកផេកផ្លូវការ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សម្តៅបញ្ចប់ និងកាត់បន្ថយ បញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ជាក់ស្តែង បច្ចុប្បន្នគម្រោងចំនួន ១៣ បាននឹងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះ ដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍ បូមទឹកលូប្រាំ, តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន, តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម។

គម្រោងទាំង ១៣នេះ ផ្ដោតលើគម្រោងពង្រីក ស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់ សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។

គូសសម្គាល់ដែរថា គិតមកដល់ពេលនេះ ការអនុវត្តគម្រោង ១៣ នេះ សម្រេចបាន ៦,៥% ហើយ អាចរំដោះទឹកចេញពី តំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ ។

បន្ថែមពីនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមបញ្ចេញគ្រឿងចក្រ ធ្វើការកាយប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមាន ការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំ ឲ្យស្ទះផ្លូវទឹក ដែលបង្កអោយមាន ការលិចលង់ដោយជំនន់ទឹកភ្លៀង។

ខណៈបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញរៀបចំខាងក្នុង ក្រសួងធនធានទឹក និងឧតុនិយមរៀបចំខាងក្រៅ ទប់ស្កាត់បរិមាណទឹក ហូរចូលរាជធានីតាម ទឹកស្ទឹងព្រែកព្រែកត្នោត ហើយក៏សូមមាន ការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ពិសេសបងប្អូនប្រជាជនយើង ទាំងអស់គ្នាផងដែរ។