រយៈពេល ៦ ឆ្នាំក្រុមហ៊ុនខេមបូឌា អ៊ែវ៉េ បានដឹកជញ្ជូនអ្នកដំណើរប្រមាណ ១,៣ លាននាក់


ក្រុមហ៊ុនខេមបូឌា អ៊ែវ៉េ បានបើកដំណើរការអស់រយៈពេល ៦ ឆ្នាំមកហើយ គិតពីការចាប់ផ្ដើម វិនិយោគដំបូងនៅឆ្នាំ២០១៧ និងបើកការហោះហើរ នៅខែកក្កដា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន Cambodia Airways បានក្លាយទៅជា ក្រុមហ៊ុនអាកាសចរណ៍ធំលំដាប់ទី៣ នៅកម្ពុជា បើរាប់បរិមាណចំនួនអ្នកដំណើរ និងមានជើងហោះហើរ គោលដៅក្នុងស្រុកចំនួន ៣ គឺភ្នំពេញ សៀមរាម និងព្រះសីហនុ ព្រមទាំងគោលដៅហោះហើរអន្តរជាតិ ចំនួន ៧ ទៀតដូចជា វៀតណាម ថៃ តៃវ៉ាន់ ម៉ាកាវ សិង្ហបុរី ឥណ្ឌា និងប្រទេសចិន។

របាយការណ៍ពីក្រុមហ៊ុន ខេមបូឌា អ៊ែវ៉េ បានបង្ហាញថា រយៈពេល ៦ ឆ្នាំក្រោយបើកដំណើរការ ក្រុមហ៊ុនបានសម្រេច ប្រតិបត្តិការជើងហោះហើរ បានប្រមាណ ១២ ០០០ ជើង ដែលស្មើនឹងពេលវេលា ហោះហើរសរុបប្រមាណ ២៥ ០០០ ម៉ោង និងបានដឹកជញ្ជូន អ្នកដំណើរសរុបប្រមាណ ១ ៣០០ ០០០ នាក់ទៅកាន់គោលដៅរបស់ពួកគេ ដែលសមិទ្ធិផលទាំងនេះ សម្រេចបានជោគជ័យ ដោយមានការគាំទ្រ ប្រកបដោយទំនុកចិត្ត ពីសំណាក់អ្នកដំណើរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការបម្រើ សេវាកម្មល្អពីសំណាក់ ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកមួយនេះ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways មានមូលដ្ឋាននៅ បណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយគិតត្រឹមចុងឆ្នាំ២០២៣ Cambodia Airways មានយន្ដហោះចំនួន ៥ ដែលបម្រើការហោះហើរ ដោយក្នុងនោះ យន្ដហោះ Airbus A319-100 មានចំនួន ២ គ្រឿងអាចផ្ទុកអ្នកដំណើរបាន ១៥០ នាក់ ចំណែកយន្ដហោះ Airbus A320-200 មានចំនួន ៣ គ្រឿងអាចផ្ទុកអ្នកដំណើរបាន ១៨០ នាក់។