ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំជាង ៧,៣ ពាន់លានដុល្លារ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤ នេះ!


យោងតាមរបាយការណ៍ ចេញផ្សាយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា រយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ៧,៣១ ពាន់លានដុល្លារ ដែលបានកើនឡើង ១៨,៨% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលធ្លាប់មានទំហំត្រឹម ៦,១៥ ពាន់លានដុល្លារ។

ប្រទេសចិន ជាដៃគូរពាណិជ្ជកម្ម ធំបំផុតរបស់កម្ពុជា តាមពីក្រោយដោយសហរដ្ឋអាមេរិក វៀតណាម ថៃ និងជប៉ុន។ តាមប្រសាសន៍របស់ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចទូលាយ ក្នុងតំបន់ ជាកត្តាលីករយ៉ាងសំខាន់ ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន ជាពិសេសលើការនាំចេញ ផលិតផលកសិកម្ម ដែលរួមមាន ស្រូវអង្ករ ចេកស្រស់ ស្វាយ មៀន ដំឡូងមី និងម្រេចជាដើម។

ដោយឡែក ចំពោះផលិតផលដែលកម្ពុជា បាននាំចូលពីប្រទេសចិនវិញ មានដូចជា វត្ថុធាតុដើមសម្រាប់វាយនភណ្ឌ ដូចជាក្រណាត់ អំបោះ ម្ជុល គ្រឿងសំណង់ យានយន្ដ គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិច ចំណីអាហារ ឱសថ និងជីកសិកម្មជាដើម។

សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៣ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាននូវទំហំ ១២,២៦ ពាន់លានដុល្លារ ដែលបានកើនឡើង ៥% បើធៀបទៅនឹងឆ្នាំ២០២២ ដោយក្នុងនោះ កម្ពុជា បាននាំចេញទំនិញសរុប ជាទឹកប្រាក់ ១,៤៨ ពាន់លានដុល្លារ កើនឡើង ១៩% និងនាំចូលមកវិញ ១០,៧៩ ពាន់លានដុល្លារ ដែលបានកើនឡើង ៣% ផងដែរ។