ជណ្ដើរ៥ថ្នាក់ និងចម្លាក់តោនៅទិសខាងត្បូង នៃប្រាសាទភ្នំបាខែង ដែលរងការខូចខាតខ្លាំង កំពុងស្ថិតក្នុងការជួសជុល ដើម្បីពង្រឹងរចនាសម្ព័ន្ធ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ!


សៀមរាប៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយ ដោយអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមអ្នកជំនាញ កំពុងជួសជុលរចនាសម្ព័ន្ធ ជណ្តើរទាំង៥ថ្នាក់ ទិសខាងត្បូងនៃប្រាសាទភ្នំបាខែង ដែលគិតមកដល់ពាក់កណ្តាលឆ្នាំ២០២៤នេះ គឺការជួសជុលសម្រេចបាន ជណ្ដើរចំនួន៤ថ្នាក់ ចម្លាក់តោអមសងខាងជណ្តើរចំនួន៥ ហើយបន្តជួសជុល រចនាសម្ព័ន្ធជណ្ដើរ ចំនួន១ថ្នាក់ទៀត។

គួរឲ្យដឹងដែរថា ការងារជួសជុលនេះ គឺស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក។

ជាក់ស្តែង លោក វ៉ាន វ៉ា ប្រធានការដ្ឋានជួសជុល នៅប្រាសាទភ្នំបាខែង បានឱ្យដឹងថា ការងារជួសជុលកាំជណ្តើរចំនួន៥ថ្នាក់ របស់ប្រាសាទភ្នំបាខែងទិសខាងត្បូង សម្រេចបាន៨០%ហើយ នៅសល់តែចំនួន១ថ្នាក់ទៀត ក្នុងចំណោមរចនាសម្ព័ន្ធជណ្តើរ ចំនួន៥ថ្នាក់ ដែលត្រូវនឹងប្រើពេលវេលា ប្រមាណជា៥ខែទៀត ដើម្បីបញ្ចប់។

ដោយឡែក សម្រាប់ចំណែកចម្លាក់តោ អមសងខាងជណ្តើរទិសខាងត្បូងនេះ ប្រធានការដ្ឋានរូបនេះបញ្ជាក់ថា នៅសេសសល់តែតោចំនួន៥ ក្នុងចំណោមតោទាំង១២ ត្រូវបានក្រុមការងារ ជួសជុលរួចរាល់ហើយដែរ ព្រោះថាតោនីមួយៗខ្លះ បាក់បែកផ្នែកជើងទម្រជើង ឬដងខ្លួន និងក្បាលជាដើម។

យ៉ាងណា ចម្លាក់តោទាំងនោះ ក៏ធ្លាប់មានការជួសជុលម្តងមកហើយ នៅសម័យអាណាព្យាបាលបារាំង។ ក្រៅពីនេះ គេឃើញមានបំណែកតោមួយចំនួនទៀត ដែលរងការខូចខាតធ្ងន់ធ្ងរ មិនអាចកំណត់អត្តសញ្ញាណ និងផ្គុំឡើងវិញបានទេ។

 

ប្រភពពីអាជ្ញាធរជាតិអប្សរា