ក្រោយដំណើរការជួសជុល គ្រឹះខឿនស្រុតរួចរាល់ ខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិច នៃជណ្តើរកណ្តាល ខាងត្បូងប្រាសាទអង្គរវត្ត នៅបន្តការជួសជុលពង្រឹងរចនាសម្ព័ន្ធ ដើម្បីធានាបានភាពរឹងមាំបន្ថែមទៀត!


សៀមរាប៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការងារជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគផ្នែកខាងលិច ជាន់ផ្ទាល់ដីនៃជណ្តើរកណ្តាល នៅទិសខាងត្បូងប្រាសាទអង្គរវត្ត ដែលបានដំណើរការ តាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ មកដល់ពេលនេះ គឺក្រុមការងារអាជ្ញាធរជាតិអប្សរា ជួសជុលគ្រឹះខឿនស្រុត និងថ្មក្រៀកហែកបានរួចរាល់ ហើយក៏កំពុងបន្តជួសជុលខឿនទ្របង្កាន់ដៃនាគ ស្រទាប់ខាងលើ ដែលរអិលចេញពីគន្លងដើម ដើម្បីរៀបបង្កាន់នាគ ឱ្យត្រូវតាមទីតាំងដើម ឡើងវិញ។

ក្នុងនោះដែរ ភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត លោក សយ សុភារិន្ទ ឱ្យដឹងថា ក្រោយពីបញ្ចប់ ការជួសជុលគ្រឹះខឿន ក្រុមការងារបន្តជួសជុល ខឿនបង្កាន់ដៃនាគស្រទាប់ខាងលើ រអិលចេញពីគន្លងដើម ដោយត្រូវសម្អាតដីស្អុយ និងរៀបចំថ្មខឿន ផ្នែកដែលងាកចេញ ហើយរៀបបង្កាន់ដៃនាគ ឱ្យមានលំនឹងឡើងវិញ ផងដែរ។

លោក សុភារិន្ទ បន្តថា បង្កាន់ដៃនាគ ដែលត្រូវជួសជុលមានប្រវែង ១៦ម៉ែត្រ ទាំងជើងទម្រនាគ ជើងទម្របង្កាន់ដៃនាគ និងដងខ្លួននាគ រងការខូចខាតដោយអន្លើ ទាមទារឱ្យមានការជួសជុលពង្រឹង និងបន្ថែមថ្មថ្មី នៅតាមកន្លែងដែលបាត់បង់ ដើម្បីធានាបាននូវភាពរឹងមាំ យូរអង្វែងរាប់រយឆ្នាំតទៅមុខទៀត។

 

ប្រភពពីអាជ្ញាធរជាតិអប្សរា