ផ្លូវកង់ប្រវែង ២៤,៥០ គ.ម ត្រូវបានចាត់ទុកជាជម្រើសដ៏ល្អ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងការទស្សនាទេសភាពដ៏ស្រស់ស្អាត និងខៀវស្រងាត់ ក្នុងរមណីយដ្ឋានអង្គរ!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនារមណីយដ្ឋានអង្គរ ក្រៅពីការធ្វើដំណើរ ដោយរថយន្ត ម៉ូតូ ឬមធ្យោបាយផ្សេងៗ នៅលើផ្លូវកៅស៊ូធំទូលាយ និងភាពស្រស់ស្អាតហើយនោះ ក៏មាន ជាផ្លូវកង់ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើងប្រវែង ២៤,៥០គីឡូម៉ែត្រ សម្រាប់ភ្ញៀវទេសចរជិះកង់ ទស្សនារមណីយដ្ឋានអង្គរផងដែរ។

គូសសម្គាល់ផងថា ក្រោយការបង្កើតឱ្យមានជាផ្លូវកង់ នាអំឡុងឆ្នាំ២០២០ មកដល់ពេលបច្ចុប្បន្ននេះ ផ្លូវកង់ នៅតែមានភាពទាក់ទាញ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរ ដែលចង់ផ្លាស់ប្តូរបរិយាកាស ពីការធ្វើដំណើរដោយយានយន្ត ដែលមានសំឡេងរំខាន ឬផ្សែងបំពុលបរិស្ថាន អាចធ្វើដំណើរកម្សាន្ត តាមរយៈផ្លូវទស្សនាប្រាសាទ។

មិនផ្តោត តែលើថ្ងៃសម្រាកចុងសប្តាហ៍ ឬថ្ងៃធ្វើការធម្មតានោះឡើយ ការធ្វើដំណើរដោយការជិះកង់ តាមវង់ទស្សនា (ផ្លូវកង់) ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំ មិនត្រឹមតែមានសុខសុវត្ថិភាព និងសុខភាពល្អប៉ុណ្ណោះទេ ភ្ញៀវទេសចរក៏អាច គយគន់ទេសភាពព្រៃព្រឹក្សា ខ្យល់អាកាសល្អបរិសុទ្ធ វាលស្រែ ទស្សនាជីវភាពរស់នៅប្រចាំថ្ងៃ និងភូមិឋានបងប្អូន អ្នកស្រុកអង្គរយ៉ាងសប្បាយរីករាយ និងសម្រាកផ្លូវអារម្មណ៍ បានយ៉ាងល្អផងដែរ។

 

ប្រភពពីអាជ្ញាធរជាតិអប្សរា