កម្ពុជា នាំចូលប្រេងម៉ាស៊ូត និងសាំង ក្នុងឆមាសទី១ នៃឆ្នាំនេះ មានតម្លៃ ១,២៧ ពាន់លានដុល្លារ កើនឡើង ២២% បើធៀបនឹងឆ្នាំមុន!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយ កាលពីថ្មីៗនេះ បានឲ្យដឹងថា ការនាំចូលប្រេងម៉ាស៊ូត និងប្រេងសាំងរបស់កម្ពុជា បានកើនឡើង ២២% នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២៤ នេះ។

ប្រភពដដែលក៏បានឲ្យដឹងដែរថា ការចំណាយសរុប លើការនាំចូលប្រេងម៉ាស៊ូត និងប្រេងសាំងមានចំនួន ១,២៧ ពាន់លានដុល្លារ ក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំនេះ កើនឡើង ២២% ពីតម្លៃ ១,០៤ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាក់ស្តែង នៅក្នុងនោះ ប្រទេសកម្ពុជាបានចំណាយប្រហែល ៧៥៧,៥ លានដុល្លារ សម្រាប់ប្រេងម៉ាស៊ូត និង ៥១២,៥ លានដុល្លារ សម្រាប់ប្រេងសាំងក្នុងឆមាសទី១ នៃឆ្នាំនេះ កើនឡើង ១៦% និង ៣១% រៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

គូសសម្គាល់ផងថា បច្ចុប្បន្ន កម្ពុជាពឹងផ្អែកទាំងស្រុង លើការនាំចូលប្រេងម៉ាស៊ូត និងប្រេងឥន្ទនៈ ដោយសារប្រេងបម្រុងបាតសមុទ្ររបស់ខ្លួន មិនទាន់ត្រូវបានទាញយក មកប្រើនៅឡើយ។

យ៉ាងណា បើតាមក្រសួងរ៉ែ និងថាមពល ក៏បានព្យាករណ៍ថា តម្រូវការផលិតផលប្រេងនៅកម្ពុជា នឹងកើនឡើងដល់ ៤,៨លានតោននៅឆ្នាំ២០៣០ កើនឡើងពី ២,៨លានតោន ក្នុងឆ្នាំ២០២០។