ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសសមាជិក RCEP ឈានដល់តម្លៃ ១៦,៩ ពាន់លានដុល្លារ ក្នុងឆមាសទី១ នៃឆ្នាំនេះ កើនឡើង ១៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃទី ២០ កក្កដា កន្លងទៅបានឲ្យដឹងថា ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដៃគូសេដ្ឋកិច្ច ទូលំទូលាយក្នុងតំបន់ (RCEP) ឈានដល់ ១៦,៩ ពាន់លានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំនេះ គឺកើនឡើង ១៤% ពី ១៤,៨ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាក់ស្តែង ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសមាជិក RCEP រួមមានចំនួន ៦៤% នៃទំហំពាណិជ្ជកម្ម ២៦,៣ ពាន់លានដុល្លាររបស់ខ្លួន ក្នុងអំឡុងពេល ខែមករាដល់ខែមិថុនាឆ្នាំនេះ។

ក្នុងនោះដែរ តម្លៃនៃការនាំចេញរបស់កម្ពុជាមានចំនួន ៤,៥២ ពាន់លានដុល្លារ ទៅកាន់ប្រទេស RCEP ក្នុងឆមាសទីមួយនៃឆ្នាំនេះ គឺកើនឡើង ១១% ពីចំនួន ៤,០៧ ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក តម្លៃទំនិញដែលបាននាំចូលមានចំនួន ១២,៣៨ ពាន់លានដុល្លារ ពីបណ្តាប្រទេស RCEP គឺកើនឡើង ១៥,៣% ពី ១០,៧៣ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដៃគូពាណិជ្ជកម្មកំពូលទាំងប្រាំរបស់កម្ពុជា ក្រោមកតិកាសញ្ញាពាណិជ្ជកម្មធំក្នុងតំបន់ គឺប្រទេសចិន វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី នេះបើតាមប្រភពដដែលបានបន្ថែម។

គួរឲ្យដឹងដែរថា RCEP មានប្រទេសចំនួន ១៥ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានប្រទេសសមាជិកអាស៊ានចំនួន ១០ មាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ហើយដៃគូពាណិជ្ជកម្មទាំង ៥ របស់ពួកគេគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។