កិច្ចសហប្រតិបត្តិការ CLV ដែលកម្ពុជា មានខេត្តចំនួន៤ នៅក្នុងនោះ គឺក្នុងន័យនៃការជម្រុញ សម្រួលពាណិជ្ជកម្ម ផ្លាស់ប្តូរទំនិញនិងសេវា ព្រមទាំងរួមបង្កើត មជ្ឈមណ្ឌលសេដ្ឋកិច្ច ដ៏រស់រវើករួមគ្នា


ភ្នំពេញ៖ ខណៈមានការចោតប្រកាន់ និងវែកញែកជាច្រើន នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលកម្ពុជា មានខេត្ត ៤ នៅក្នុងកិច្ចសហប្រតិបត្តិការនោះ នៅថ្ងៃ ២៣ កក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើការស្រាយបំភ្លឺឲ្យដឹងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កម្ពុជាមានកិច្ចព្រមព្រៀងជម្រុញ និងសម្រួលពណិជ្ជកម្ម។

បន្ថែមពីនេះ ក៏មាន កិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរទំនិញ និងសេវា។ កិច្ចព្រមព្រៀងស្ដីពីការដឹកញ្ជូនតាមផ្លូវគោក កម្ពុជា-វៀតណាម និងកម្ពុជាឡាវជាដើម មិនមែនជាការកាត់ដីឱ្យគេ ដូចជនជ្រុលនិយម បំពុលសង្គមនិយាយនោះឡើយ។

សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងច្បាស់ថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) មានកិច្ចព្រមព្រៀងគោលចំនួន ៥ រួមមាន៖

១-​ កិច្ចព្រមព្រៀងជម្រុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

២-​ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា

៣- កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូន តាមផ្លូវគោករវាងកម្ពុជា និងវៀតណាម

៤-​ អនុស្សារណៈយោគយល់គ្ នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ

៥-​ អនុស្សារណៈយោគយល់គ្នា ស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម។

យោងតាមក្រសួងព័ត៌មាន៖ តំបន់អភិវឌ្ឍន៍ត្រីកោណនៃ ប្រទេសទាំង៣នេះ មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)។

 

 

គូសសម្គាល់ថា តំបន់អភិឌ្ឍន៍ត្រីកោណ នៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។

មិនតែប៉ុណ្ណោះ កិច្ចសហប្រតិបត្តិការណ៍ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រ ជាកត្តាជម្រុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើង ឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគ គាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់ ផងដែរ។