ឆមាសទី១ នៃឆ្នាំ២០២៤ កម្ពុជា មានចំនួនភ្ញៀវទេសចរអន្តរជាតិ ៣,១៦ លាននាក់ កើនឡើង ២២,៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃ ២៣ កក្កដានេះ បានឲ្យដឹងថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣,១៦ លាននាក់ក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំនេះ កើនឡើង ២២,៧% ពី ២,៥៧លាននាក់ ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។

តួលេខនេះ បានបញ្ជាក់ឲ្យដឹងថា វិស័យទេសចរណ៍របស់កម្ពុជា បានបន្តងើបឡើងវិញយ៉ាងរឹងមាំ ដោយគិតជារួម ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ការមកដល់នៃភ្ញៀវទេសចរបរទេស មានការកើនឡើង គួរឱ្យកត់សម្គាល់ បើទោះបី មានចំនួនធ្លាក់ចុះខ្លះ នៅក្នុងខែមិថុនាក៏ដោយ។

ជាក់ស្តែង របាយការណ៍ដដែល បានឲ្យដឹងថា ប្រទេសថៃ គឺជាប្រភពភ្ញៀវទេសចរបរទេស ដ៏ធំនៅកម្ពុជាក្នុងអំឡុងពេល ៦ខែដំបូងនេះ ដែលមានចំនួន ៩៥៥.២៥០ ធ្លាក់ចុះ ៩,៧% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

ដោយឡែក ភ្ញៀវទេសចរវៀតណាមមានចំនួន ៦៣៩.៥៤៩ នាក់ និង ៣៨៩.៣៦០ នាក់ ក៏បានធ្វើដំណើរមកកម្ពុជា ក្នុងអំឡុងពេល ៦ខែដំបូងនៃឆ្នាំនេះ កើនឡើង ៣៨% និង ៤៥,២% រៀងៗខ្លួន។

គូសសម្គាល់ដែរថា ភ្ញៀវបរទេសចំនួន ១,៥១ លាននាក់ ឬប្រហែល ៣៦,៤% នៃការមកដល់នៃភ្ញៀវទេសចរបរទេសសរុប បានធ្វើដំណើរមកកម្ពុជា តាមផ្លូវអាកាស កើនឡើង ២៦,២%។ ដោយឡែកភ្ញៀវទេសចរដែលនៅសេសសល់ បានមកដល់តាមច្រកព្រំដែនគោក និងទឹក។

ស្របគ្នានេះដែរ ក្រសួងទេសចរណ៍ ក៏បានព្យាករណ៍ពីគោលដៅ នៃការមកដល់របស់ ភ្ញៀវទេសចរបរទេសចំនួន ៧ លាននាក់សម្រាប់ឆ្នាំ ២០២៥ ដែលនឹងលើសពី ៦,៦ លាននាក់ ដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩ កន្លងទៅ។

ដោយឡែក របាយការណ៍របស់ក្រសួង ក៏បានបង្ហាញផងថា ទេសចរណ៍ក្រៅប្រទេសរបស់កម្ពុជា ក៏បានកើនឡើង ៥% ដល់ចំនួន ៩០៥.៩៨០នាក់ ក្នុងអំឡុងពេលខែមករាដល់ខែមិថុនា ឆ្នាំនេះផងដែរ។

គួររម្លឹកផងថា កាលពីឆ្នាំមុន កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ចំនួន ៥,៤៥ លាននាក់ ដោយទទួលបាន ប្រាក់ចំណូលសរុបចំនួន ៣,០៨ ពាន់លានដុល្លារ នេះបើយោងតាមក្រសួងទេសចរណ៍។