ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៦ មកពីប្រទេសធំៗបី ស្វែងរកការភ្ជាប់ជើងហោះហើរ មកកាន់ខេត្តសៀមរាប នៅរដូវកាលភ្ញៀវទេសចរច្រើន ដែលនឹងមកដល់ នាពេលខាងមុខនេះ!


សៀមរាប៖ បើយោងតាម មន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍បរទេស ចំនួនប្រាំមួយបន្ថែមទៀត មកពីប្រទេសចិន កូរ៉េខាងត្បូង និងឥណ្ឌាត្រូវបានគេរាយការណ៍ថា កំពុងភ្ជាប់សេវាហោះហើររបស់ពួកគេ ទៅកាន់ខេត្តសៀមរាប ក្នុងរដូវកាលភ្ញៀវច្រើន (High season) នៅឆ្នាំនេះ ដែលចាប់ផ្តើមពី ខែតុលាដល់ខែមីនាឆ្នាំ ២០២៥ ។

ជាក់ស្តែង ប្រធានស្តីទី មន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ធឹម សេរីវុធ មានប្រសាសន៍ថា “ក្រុមហ៊ុនអាកាសចរណ៍ចំនួនប្រាំមួយ កំពុងពិភាក្សាជាមួយ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លើសេវាកម្មផ្លូវអាកាសផ្ទាល់ពី ប្រទេសចិន កូរ៉េខាងត្បូង និងឥណ្ឌា”។

ក្នុងនោះដែរ ក្រុមហ៊ុនអាកាសចរណ៍ចំនួនបី មកពីប្រទេសចិនរួមមាន ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ក្រុមហ៊ុនអាកាសចរណ៍ Xiamen Airline និងក្រុមហ៊ុនអាកាសចរណ៍ Shandong Airline។ មកពីកូរ៉េខាងត្បូងមានដូចជា ក្រុមហ៊ុនអាកាសចរណ៍ពីរគឺ T’way Airlines និង Eastar Jet មកពីកូរ៉េខាងត្បូង និង ក្រុមហ៊ុនអាកាសចរណ៍ IndiGo មកពីប្រទេសឥណ្ឌា។

លោក សេរីវុធ មានប្រសាសន៍បន្ថែមថា “ព័ត៌មាននៃក្រុមហ៊ុនអាកាសចរណ៍ កាន់តែច្រើន ដែលកំពុងស្វែងរកការភ្ជាប់ជើងហោះហើរត្រង់ ទៅកាន់ខេត្តសៀមរាប គឺស្របទៅនឹង រដូវកាលភ្ញៀវទេសចរច្រើន នៅចុងឆ្នាំនេះ ដោយមើលឃើញ លំហូរនៃភ្ញៀវទេសចរបរទេស មកកាន់ខេត្តសៀមរាប”។

គូសសម្គាល់ឲ្យដឹងដែរថា បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួល ជើងហោះហើរ ពីប្រទេសចំនួនប្រាំ នៃរដ្ឋសមាជិកអាស៊ាន រួមមាន ប្រទេសថៃ វៀតណាម ឡាវ សិង្ហបុរី និងម៉ាឡេស៊ី និងពីប្រទេសចិន និងកូរ៉េខាងត្បូង។

ក្នុងនាមជា អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E ដែលអាចផ្ទុកជើងហោះហើរផ្លូវឆ្ងាយ ពីជុំវិញពិភពលោក ជាមួយនឹងផ្លូវរត់ចម្ងាយ ៣ ៦០០ម៉ែត្រ និងមានចំណត ៣៨ កន្លែង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អាចគ្រប់គ្រងអ្នកដំណើរ បានប្រាំពីរលាននាក់ក្នុងមួយឆ្នាំ ហើយត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពរបស់ខ្លួន ទទួលអ្នកដំណើរប្រមាណ ១២ លាននាក់ ក្នុងមួយ ពីឆ្នាំ២០៤០។

គួររម្លឹកដែរថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤ នេះ កម្ពុជាទទួលបាន អ្នកដំណើរតាមផ្លូវអាកាសចំនួន ២,៦ លាននាក់។ យ៉ាងណា ចំនួនអ្នកដំណើរតាមផ្លូវអាកាស បានថយចុះបន្តិច ប៉ុន្តែបើប្រៀបធៀបនឹងខែមុន ចន្លោះខែមិថុនា និងឧសភា ចំនួនអ្នកដំណើរបានធ្លាក់ចុះជិត ៨% ដោយសាររដូវភ្ញៀវតិច (low season)។