ក្រុមអ្នកជួសជុល ប្រាសាទបុរាណជំនាន់ថ្មី បង្ហាញមោទនភាពសម្រាប់ការងារខ្លួន និងមានបំណងចង់ឲ្យប្រាសាទបុរាណ ដែលជាស្នាដៃដូនតាខ្មែរ បន្តគង់វង្សសម្រាប់ កូនចៅគ្រប់ជំនាន់


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមអ្នកជំនាញ អ្នកសិក្សាស្រាវជា្រវ និងអ្នកជួសជុលប្រាសាទបុរាណខ្មែរ ក្នុងស្ថាប័នរបស់អាជ្ញាធរអប្សរា គ្រប់ៗគ្នាសុទ្ធតែបង្ហាញពីការពេញចិត្ត មោទនភាព នៃការងារដែលខ្លួនកំពុង ស្នាដៃដែលបានធ្វើរួចជាដើម។

ជាពិសេស ក្នុងនាមជាអ្នកជួសជុល ប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិតខំអស់ពី កម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់ មរតកដូនតាដែលមាន អាយុកាលរាប់រយឆ្នាំ-ពាន់ឆ្នាំ រួចផុតពីការខូចខាត ទៅតាមអាយុកាល និងធម្មជាតិឡើយ នៅគង់វង្សយូរអង្វែង សម្រាប់កូនខ្មែរគ្រប់ជំនាន់។

ជាក់ស្តែង ក្នុងនោះដែរ លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ គឺជាកម្មករជំនាញជួសជុល ប្រាសាទបុរាណក្នុងតំបន់អង្គរ ជាង២០ឆ្នាំ ជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបច្ចុប្បន្ន រូបលោកកំពុងបន្ត ការងារជួសជុលខឿនជណ្តើរ និងបង្កាន់នាគ ផ្នែកខាងលិចនៃជណ្តើរកណ្តាលភាគខាងត្បូង នៃប្រាសាទអង្គរវត្ត។ លោក សុផល យល់ថា ការងារជួសជុល អភិរក្សប្រាសាទបុរាណ គឺមានតម្លៃធំធេង មិនអាចកាត់ថ្លៃបាន។

ចិត្តស្រឡាញ់ប្រាសាទបុរាណ លោក សុផល ចង់ឱ្យកេរដំណែលដូនតាខ្មែរ គង់វង្សយូរអង្វែង ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឃើញ និងថែរក្សាបន្តទៀត។

ដូចគ្នានេះ លោក ធ្លក សុខ អាយុ៤៩ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងដែរ បានបង្ហាញការសប្បាយចិត្ត ដែលរូបគាត់ចូលបម្រើ ការងារជួសជុលប្រាសាទបុរាណ ប្រមាណជិត១០ឆ្នាំមកនេះ ព្រោះដ្បិតក្តីប្រាថ្នាចង់ឃើញ ប្រាសាទបុរាណមានភាពរឹងមាំ ជារៀងរហូត ហើយក្រុមការងារ តែងតែខិតខំរួមគ្នា អស់ពីកម្លាំងកាយចិត្ត ដើម្បីឱ្យការងារនេះ បានជោគជ័យ។


ប្រភពពីអាជ្ញាធរជាតិអប្សរា