ឆមាសទី១ ឆ្នាំ២០២៤ នេះ កម្ពុជា ប្រមូលពន្ធអាករបានជាង ១,៩ ពាន់លានដុល្លារ ស្មើនឹង ៤៦,០៦% នៃផែនការប្រចាំឆ្នាំ!


ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា នៅក្នុងរយៈ ពេល ៦ខែដំបូង ឆ្នាំ២០២៤ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋាន ពន្ធដារប្រមូលបាន ជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់ អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៧ ៧៦៧,៧៣ ប៊ីលានរៀល (ប្រមាណជា ១ ៩១៧,៩៦ លានដុល្លារ) ស្មើនឹង ៤៦,០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។

ស្របគ្នានោះដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំពោះលទ្ធផល ក្នុងខែមិថុនា ឆ្នាំ២០២៤ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋាន ពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១ ០០៥,៧៤ ប៊ីលានរៀល (ប្រមាណជា ២៤៨,៣៣ លានដុល្លារ) ស្មើនឹង ៥,៩៦% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

ជាការឆ្លើយតប ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកបំពេញ ភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារ គ្រប់គ្រងប្រមូល ចំណូលពន្ធ សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៤ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈម នឹងហានិភ័យ និងភាពមិនប្រាកដប្រជា នៃស្ថានភាពសេដ្ឋកិច្ច និង នយោបាយសកល យ៉ាងណាក៏ដោយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យបន្ត ពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តប្រកបដោយ ការយកចិត្តទុកដាក់នូវវិធានការ លើកទឹកចិត្ត និងសម្រួលផ្នែក ពន្ធដារជូនវិស័យឯកជន នាពេលកន្លងមក និងក្នុងក្របខ័ណ្ឌវេទិកា រាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ និងជំរុញឱ្យអនុវត្តន៍ ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព នូវរាល់វិធានការទាំងនេះ ឱ្យបានបញ្ចប់រួចរាល់ក្នុងឆ្នាំ២០២៤ ដោយឡែកកិច្ចការងារ ដែលបានដោះស្រាយរួចរាល់ សូមបន្តអនុវត្តន៍ប្រកប ដោយនិរន្តរភាព។

បន្ថែមពីនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានស្នើរឲ្យបន្តសហការ និងឈានទៅ បញ្ចប់ការរៀបចំយុទ្ធសាស្ត្រ កៀរគរចំណូល២០២៤-២០២៨ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងមានតួនាទីសំខាន់ ក្នុងនាមជាអគ្គនាយកដ្ឋាន ចំណូល ដែលកន្លងមកអគ្គនាយកដ្ឋាន ពន្ធដារបានផ្តល់ ធាតុចូលរួចរាល់ក្តី។

ប្រភពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ