ខេត្តកំពង់ស្ពឺ ប្រកាសដាំដើមត្នោតបន្ថែម នៅតាមមាត់ស្ទឹងព្រែកតោ្នត និងអមតាមផ្លូវទៅកាន់រមណីយដ្ឋាននានា ដើម្បីឲ្យសក្កិសមជា ខេត្តសម្បូរដើមត្នោតច្រើនជាងគេ និងទាក់ទាញភ្ញៀវទេសចរ!


កំពង់ស្ពឺ៖ បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីដាំដើមឈើចម្រុះជិត៤ពាន់ដើម នៅថ្ងៃទិវា ៩កក្កដា នៅក្នុងស្រុកសាមគ្គីមុនីជ័យ កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ បានឲ្យដឹងថា ខេត្តកំពង់ស្ពឺនឹងធ្វើការដាំ ដើមត្នោតរាប់ម៉ឺនដើម នៅអមស្ទឹងព្រែកត្នោត និងអមតាមផ្លូវទៅកាន់ រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរ ពិសេសឱ្យសាកសម ជាខេត្តដែលសម្បូរដើមត្នោត ច្រើនជាងគេនៅកម្ពុជា។

ជាក់ស្តែង ក្នុងឱកាសនោះដែរ ឯកឧត្តម បានលើកឡើងថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលសម្បូរ ដើមត្នោតច្រើនជាងគេ ជាក់ស្តែងនិមិត្តសញ្ញា តំណាងខេត្តក៏មានរូបដើមត្នោត និងមានស្ទឹងព្រែកត្នោត ដែលហូរឆ្លងកាត់ទីរួមខេត្ត រហូតដល់ជិត ៤០គីឡូម៉ែត្រ តែដូចជាអត់មាន ដើមត្នោតមួយដើមទេ ហេតុនេះ រដ្ឋបាលខេត្ត បានឯកភាពគ្នា ដើម្បីលើកកម្ពស់សោភណ័ភាពខេត្ត ក៏ដូចជាស្ទឹងព្រែកត្នោតផង ដូច្នេះអាជ្ញាធរខេត្តនឹងធ្វើ យុទ្ធនាការដាំដើមត្នោត ឱ្យបានច្រើនដើម នៅអមសងខាងដងស្ទឹងនេះ។

លើសពីនេះ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ការដាំដើមត្នោតឡើងវិញនេះ មិនមែនធ្វើនៅតែ មាត់ស្ទឹងព្រែកត្នោតប៉ុណ្ណោះទេ តែត្រូវបន្ថែមការដាំឱ្យបានរាប់ម៉ឺន រាប់សែនដើមទៀត នៅតាមតំបន់ទេសចរណ៍សំខាន់ៗ ជាច្រើនទៀត ដើម្បីជាការលើកកម្ពស់ សោភ័ណភាព និងអត្តសញ្ញាណដើមត្នោត របស់ជាតិខ្មែរផងដែរ។

ឯកឧត្តម ក៏បានស្នើឱ្យអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ត្រូវបំផុសឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមមូលដ្ឋាន ចូលរួមដាំដើមត្នោត ឱ្យបានយ៉ាងតិចមួយដើមក្នុងម្នាក់ និងដាំដើមឈើ លម្អរផ្សេងៗទៀត  ដើម្បីទាក់ទាញភ្ញៀវទេសចរ និងរក្សាធម្មជាតិ ឱ្យបានគង់វង្សដល់ ក្មេងជំនាន់ក្រោយ ខណៈក្នុងមួយសប្តាហ៍ មានភ្ញៀវទេសចរជាតិ អន្តរជាតិជិត៤ម៉ឺននាក់ បានមកលេងកម្សាន្ត នៅខេត្តកំពង់ស្ពឺនេះ។