ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ឈរជើងរឹងមាំឡើងវិញ និងបង្ហាញពីសោភ័ណភាព យ៉ាងស្រស់ស្អាត ក្រោយពីជួសជុលរួច!
សៀមរាប៖ បើយោងតាមរបាយកាណ៍ព័ត៌មាន ដែលចេញផ្សាយដោយអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ខ្លោងទ្វារខាងលិច ក្នុងចំណោមខ្លោងទ្វារទាំង៤ របស់ប្រាសាទបន្ទាយក្តី ដែលបានបញ្ចប់ ការងារជួសជុលអភិរក្ស តាមបច្ចេកទេសអាណាស្ទីឡូ (Anastylosis) នៅចុងឆ្នាំ ២០២៣ កន្លងមក រួចផុតពីស្ថានភាពខូចខាតទ្រុឌទ្រោម ដោយពង្រឹងនូវគ្រឹះ ជួសជុលតួខ្លោងទ្វារដែលស្រុត ជញ្ជាំងហែក ហើយថ្មនៃរចនាសម្ពន្ធមួយចំនួន ដែលរលុះធ្លាក់ត្រូវបាន រៀបផ្គុំនៅទីតាំងដើម ផ្នែកខ្លះទៀតចាំបាច់ ក៏ត្រូវប្រើថ្មថ្មីជំនួស ដើម្បីភាពរឹងមាំឡើងវិញហើយ។
បច្ចុប្បន្ននេះខ្លោងទ្វារខាងលិច នៃប្រាសាទបន្ទាយក្តី មានភាពរឹងមាំ និងសោភ័ណភាព ដែលវង់ភក្ត្រកំពូលខ្លោងទ្វារញញឹម សាជាថ្មីដោយស្នាដៃកូនខ្មែរជំនាន់ថ្មី ផ្តល់សុវត្ថិភាពទាំងសំណង់ប្រាសាទបុរាណ និងភ្ញៀវទេសចរ ដែលមកកម្សាន្តផងដែរ។
ប្រភពពីអាជ្ញាធរជាតិអប្សរា