សៀមរាប៖ ប្អូនៗសិស្សានុសិស្សប្រមាណជាង ២៥០នាក់ និងគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សាមេជ្ រៃបណ្តែទឹកលើទន្លេសាប ទទួលបានការគាំពារឧបត្ថម្ភពី ប៉េង ហួត គ្រុប នូវសម្ភារៈសិក្សា និងសម្ភារៈអនាម័យ ក្នុងការជួយសម្រួលបន្ទុកសិក្សារបស់សិស្ស និងភាពខ្វះខាតរបស់សាលា រួមទាំងជួយសម្រួលដល់ជីវភាពគ្រួសារ អាណាព្យាបាលសិ្សស្សជាង ៣៦០គ្រួសារទៀត បន្ទាប់ពីការឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ក្នុងកម្មវិធីអង្ករប្ដូរយកប្លាស្ទិក កាលពីឆ្នាំ២០២១ កន្លងទៅ។ កម្មវិធីសប្បុរសធម៌នេះ ត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សាមេជ្រៃ ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ លោកស្រី ឈួន សុវណ្ណា នាយិកាសាលាបឋមសិក្សាមេជ្រៃ បានសម្តែងនូវអំណរគុណ ដោយលើកឡើងថា “តាំងនាមគណៈគ្រប់គ្រងសាលា និងកូនៗសិស្សានុសិស្សទាំងអស់ ពិតជាមានសេចក្ដីរីករាយខ្លាំងណាស់ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវសម្ភារៈសិក្សា និងសម្ភារអនាម័យ ឧបត្ថម្ភដល់សាលាយើងខ្ញុំ ស្របពេលដែលបច្ចុប្បន្នសាលា កំពុងប្រឈមការខ្វះខាត នូវសម្ភារៈទាំងនេះមួយចំនួនធំ។ ការបិរច្ចាគនេះគឺជាលើកទីពីរហើយ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បានធ្វើ ដែលលើកទីមួយ ក្រុមហ៊ុនបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ដល់គ្រួសារដែលរស់នៅលើ ទន្លេសាបម្ដងហើយ។ លោកស្រីក៏បានអំពាវនាវ និងសូមស្វាគមន៍រាល់ ជំនួយសប្បុរសធម៌ពីសប្បុរជន ដែលមានបំណងចង់បរិច្ចាគ ដល់សាលាបឋមសិក្សាមេជ្រៃ”។
ការបិរច្ចាគរបស់សប្បុជនទាំងអស់គ្នា គឺជាការរួមចំណែក លើកកម្ពស់ការអប់រំ ដែលជួយដល់ការសិក្សា របស់យុវជនជំនាន់ក្រោយ អាចនឹងឆ្ពោះទៅសម្រេចគោលដៅ នាថ្ងៃអនាគត ខណៈពួកគេគឺជាធនធាន ចូលរួមអភិវឌ្ឍប្រទេសជាតិ យ៉ាងសំខាន់។
ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ដែលកិច្ចគាំពារលើ ការអប់រំគឺជាបង្គោលទី១ ដែលផ្ដោតលើការរួមចំណែក លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ការសាងសង់សាលារៀន ការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រ ការចែករំលែកចំណេះដឹងតាមរយៈការរៀបចំសិក្ខាសាលា និងការយកចិត្តទុកដាក់ បរិច្ចាគនូវសម្ភារសិក្សា ដល់ប្អូនៗសិស្សានុសិស្សក្រីក្រ តាមតំបន់ខ្វះខាតជាច្រើនទៀត។
សូមរំលឹកថា សាលាបឋមសិក្សាមេជ្រៃ មានចម្ងាយផ្លូវ១៧ គីឡូវម៉ែត្រពីទីរួមស្រុកពួក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ មានទីតាំងស្ថិតនៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ សាលារៀននេះកសាងដោយក្បូនឬស្សីរបៀបជាផែ បណ្ដែតទឹក ជញ្ជាំង និងដំបូលធ្វើអំពីស្លឹក ខ័ណ្ឌជាពីរបន្ទប់ ក្រាលក្តារឧបត្ថម្ភថវិកា កសាងដោយកម្លាំងសាមគ្គីរបស់ប្រជាជន ក្នុងសហគមន៍នេះផ្ទាល់។ ក្រោយមកនៅឆ្នាំ ១៩៨៤ សាលារៀននេះត្រូវបាន រៀបចំជួសជុលសារជាថ្មីដោយដំបូលប្រកស័ង្កសី ជញ្ជាំងក្តារ ក្រាលក្តារ ខ័ណ្ឌជាពីរបន្ទប់។ មានចំនួនពីរកម្រិតថ្នាក់គឺ ថ្នាក់ទី១ និងទី២ ហើយមានគ្រូបង្រៀនពីរនាក់ដដែល។ ចំណែកឯចំនួនប្រជាជន មានប្រហែល ៦០ គ្រួសារប៉ុណ្ណោះ។ បន្ទាប់មកនៅឆ្នាំ ១៩៩០ ទើបគណៈកម្មការបានមូលមតិគ្នា ផ្តើមកសាងសាលាបណ្តែតទឹកឡើងវិញ។
នៅឆ្នាំ ២០០០ ក្រោយពីការស្នើសុំរបស់នាយកសាលារៀន គណៈកម្មការទ្រទ្រង់សាលារៀន នៃអង្គការក្រុមជំនុំព្រះជាម្ចាស់ឬ (AOG) បានបើកបេសកកម្មមួយ ឈ្មោះថាមេសកកម្មមេត្តាករុណាឬ (MOM) ដើម្បីចុះទៅភូមិពាមតាអួរ ដោយដោះស្រាយបញ្ហាអប់រំ នៅមូលដ្ឋានពាមតាអួរ។ ជាផ្លែផ្កាអង្គការបាន កសាងអគារថ្មីចំនួន ៥ខ្នងបន្ថែមទៀត។ ហើយអគារចាស់ត្រូវបានជួសជុលឡើងវិញ។ រហូតដល់បច្ចុប្បន្ននេះ សាលាមានអគារសិក្សាចំនួន ៧ អគារ ដែលមានបន្ទប់សិក្សា១០បន្ទប់ ក្នុងនោះមានបណ្ណាល័យ ១ ទីចាត់ការ ១ និងមត្តេយ្យ ២បន្ទប់ ផងដែរ។ ដោយមានចំនួនបុគ្គលិកសរុប១៣នាក់ និងសិស្សសរុបចំនួន ២៥១ ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ៕
ការអប់រំគឺជាថ្នាលបណ្តុះបណ្តាល ចំណេះវិជ្ជាដ៏សំខាន់ និងជាអនាគតសម្រាប់ ការអភិវឌ្ឍប្រទេសជាតិ។