ព្រះសីហនុ៖ បើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយ លោកស្រី ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៩ កក្កដា កន្លងទៅបានឲ្យដឹងថា ត្រឹមរយៈពេល ៦ខែ គិតពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប ២លាន៨០ម៉ឺននាក់។
ស្របក្នុងឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា រយៈពេល ៦ខែដើមឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបាន ភ្ញៀវទេសចរសរុប ២លាន៨០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិ ២លាន៦០ម៉ឺននាក់ និងភ្ញៀវបរទេសជាង ២០ម៉ឺននាក់ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនវិញ ឃើញថាមានការកើនឡើង គួរឱ្យកត់សម្គាល់។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ក្នុងនោះ មានភ្ញៀវទេសចរអឺរ៉ុប ភាគច្រើនមកកម្សាន្ត នៅតំបន់កោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ) ផងដែរ។
គូសសម្គាល់ដែរថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពល សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងទេសចរណ៍ ដោយខេត្តនេះ មានក្រុងរហូតដល់២ ស្រុកចំនួន៣ ឃុំចំនួន២៩ ភូមិចំនួន១១១ រីឯកោះមានដល់ទៅ៣២កោះ បូករួមនឹងឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតមានប្រវែង ១៧៥គីឡូម៉ែត្រ ព្រមទាំងមានឧទ្យានជាតិលើគោក និងឧទ្យានជាតិបាតសមុទ្រ ជាច្រើនថែមទៀតផង សុទ្ធសឹងជាកន្លែងទាក់ទាញទេសចរណ៍ និងការវិនិយោគ។
ដូចគ្នានេះដែរ ខេត្តព្រះសីហនុ ក៏ជាខេត្តមួយ ក្នុងចំនោមខេត្តតំបន់ឆ្នេរទាំង៤ (បូករួមជាមួយ ខេត្តកោះកុង កំពត កែប) ដែលត្រូវបាន រាជរដ្ឋាភិបាលដាក់បញ្ចូលជា សមាជិកឆ្នេរស្អាតជាងគេ លើពិភពលោក និងជាតារារះនាទិសនារតីផងដែរ។
គួររម្លឹកឲ្យដឹងដែរថា កម្ពុជាកំពុងពិចារណលើ កិច្ចសហការជាមួយប្រទេសថៃ និងវៀតណាម ដើម្បីអភិវឌ្ឍផ្លូវសមុទ្រថ្មីមួយខ្សែ តភ្ជាប់ប្រជុំកោះក្បែរខេត្តត្រាត ក្នុងប្រទេសថៃ ជាមួយខេត្តគៀនយ៉ាង របស់វៀតណាម ដោយឆ្លងកាត់តាម ខេត្តព្រះសីហនុរបស់កម្ពុជា។ គម្រោងដ៏ធំនេះ មានគោលបំណងមិនត្រឹមតែ លើការជម្រុញវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បី លើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពឧស្សាហកម្ម នៅពាសពេញតំបន់ឆ្នេរ នៃប្រទេសទាំងបី ទៀតផងដែរ។
ប្រភពពី រដ្ឋបាលខេត្តព្រះសីហនុ