សៀមរាប៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមអ្នកជំនាញរបស់ អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គបណ្ណាល័យ សង់ពីឥដ្ឋនៅជ្រុងឦសាន របស់ប្រាសាទភ្នំក្រោម ដើម្បីទប់ស្កាត់ការខូចខាត និងពង្រឹងភាពរឹងមាំ ឱ្យបានគង់វង្សយូរអង្វែងបន្តទៀត។
ជាក់ស្តែង ក្នុងនោះដែរ មន្រ្តីអភិរក្សប្រាសាទ នៃអាជ្ញាធរជាតិអប្សរា លោក រស់ វិសុទ្ធ បានឱ្យដឹងថា ដោយសាររចនាសម្ព័ន្ធ សំណង់ប្រាសាទភ្នំក្រោម រងនូវអាកាសធាតុក្តៅសើម សម្ពាធខ្យល់ពីបឹងទន្លេសាបជាប្រចាំ ក្នុងនោះសំណង់បណ្ណាល័យ ដែលសង់ពីឥដ្ឋស្ថិតនៅទិសឦសាន បាត់បង់អស់នូវកំបោរបាយអ សឹករិចរិលខឿនជើងជញ្ជាំង រួមទាំងគ្រឿងបង្គុំ ទ្វារថ្មភក់ជើងក្រោមផង។ ជញ្ជាំងជ្រុងពាយ័ព្យហែកក្រៀក កំពូលប្រាសាទខូចខាត ជ្រាបទឹកពេលភ្លៀងជាដើម។
មន្រ្តីអភិរក្សរូបនេះបន្តថា អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ ជួសជុលពង្រឹងខឿន ជើងជញ្ជាំងជុំវិញ។ ជួសជុលជ្រុងនិរតី និងជ្រុងឦសានរហូតដល់ ក្បាំងជញ្ជាំងខាងលើ និងពង្រឹងរចនាសម្ពន្ធកំពូលប្រាសាទ ការពារជម្រាបទឹក និងសត្វល្អិត ដើម្បីឱ្យប្រាសាទនេះរឹងមាំ ដោយគោរពទៅតាម ធម្មនុញ្ញអង្គរ។
គួរឲ្យដឹងដែរថា ប្រាសាទភ្នំក្រោម ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ ប្រាសាទនេះកសាង នៅចុងសតវត្សរ៍ទី៩ ដើមសតវត្សរ៍ទី១០ សង់ពីឥដ្ឋ ថ្មភក់ និងថ្មបាយកៀ្រម លើភ្នំកម្ពស់១៤០ម៉ែត្រ ជាភ្នំនៅទំនាបមាត់បឹងទន្លេសាប ខាងត្បូងក្រុងសៀមរាប ក្នុងចម្ងាយប្រមាណ ១២គីឡូម៉ែត្រ។
ប្រភពពីអាជ្ញាធរជាតិអប្សរា