ភ្នំពេញ៖ យោងតាមរបាយការណ៍ចេញផ្សាយ ដោយធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថា កម្ពុជាបានស្វាគមន៍ ភ្ញៀវទេសចរបរទេសប្រមាណ ៣,១ លាននាក់ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយរកចំណូលបានប្រមាណ ១,៧ ពាន់លានដុល្លារ ចូលទៅក្នុងសេដ្ឋកិច្ចជាតិ។ នេះគឺជាតួលេខតំណាងឱ្យកំណើន ៧% ធៀបនឹង ១ ៥៩៣ លានដុល្លារ ដែលត្រូវបានកត់ត្រា ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បន្ថែមពីនេះ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នេះបង្ហាញពីការកើនឡើង គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបង្ហាញពីការងើបឡើងវិញដ៏រឹងមាំ ពីបញ្ហាប្រឈមដែលបង្កឡើងដោយជម្ងឺរាតត្បាត Covid-19 កន្លងទៅ។
ជាក់ស្តែង ធនាគារកណ្តាល ក៏បានវាយតម្លៃលទ្ធផលវិជ្ជមាន ចំពោះកត្តាជាច្រើន រួមទាំងការបង្កើនការតភ្ជាប់ ជើងហោះហើរអន្តរជាតិ និងភាពល្បីល្បាញ របស់ប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ ផងដែរ។
របាយការណ៍ដដែលបានបន្ថែមថា វិស័យទេសចរណ៍កម្ពុជា បន្តមើលឃើញកំណើនវិជ្ជមាន ដោយចំនួនភ្ញៀវទេសចរបរទេស កើនឡើងដល់ ៣,១ លាននាក់ និងចលនាទេសចរណ៍ក្នុងស្រុក កើនឡើងដល់ ៩,៧ លាននាក់ គាំទ្រដោយកំណើនសេដ្ឋកិច្ច កាន់តែប្រសើរឡើងនៅក្នុងតំបន់ និងពិភពលោក ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកំណើននៃជើងហោះហើរត្រង់ទៅ និងមកពីប្រទេសផ្សេងៗ។”
ដោយឡែក ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ មានប្រសាសន៍ថា តួលេខនេះបង្ហាញយ៉ាងច្បាស់ថា វិស័យទេសចរណ៍របស់កម្ពុជា កំពុងដើរលើផ្លូវងើបឡើងវិញ ទោះបីជាមិនទាន់ឈានដល់ កម្រិតមុនវិបត្តិកូវីដ-១៩ ក៏ដោយ។
មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ កំពុងខិតខំប្រឹងប្រែង ធ្វើការជាមួយភាគីពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការលើកកម្ពស់ សក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស កាន់តែច្រើន មកទស្សនាប្រទេសកម្ពុជា ផងដែរ។
ដោយឡែក លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានបង្ហាញសុទិដ្ឋិនិយម ចំពោះវិស័យទេសចរណ៍ ក្នុងឆមាសទី១ នៃឆ្នាំនេះ។ លោកជំទាវបានមានប្រសាសន៍ថា៖ «ចំនួននេះជាការលើកទឹកចិត្តយ៉ាងខ្លាំង ហើយឆ្លុះបញ្ចាំងពី ការខិតខំប្រឹងប្រែងនិងភាពធន់ របស់ឧស្សាហកម្មទេសចរណ៍។ យើងមានទំនុកចិត្តថា ដោយមានការបន្តគាំទ្រ ពីរាជរដ្ឋាភិបាល និងវិស័យឯកជន ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា អាចទាក់ទាញភ្ញៀវបានកាន់តែច្រើន»។
គួររម្លឹកដែរថា កាលពីឆ្នាំមុន ព្រះរាជាណាចក្រកម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥ លាននាក់ ដោយទទួលបាន ប្រាក់ចំណូលសរុបចំនួន ៣,០៨ ពាន់លានដុល្លារ នេះបើយោងតាមក្រសួងទេសចរណ៍។