កំពត៖ ក្នុងឱកាសចុះទៅពិនិត្យ ចម្ការដើមត្នោតរ នៅស្រុកជុំគីរី ខេត្តកំពត ដែលដើមត្នោតរាប់ម៉ឺនដើម ត្រូវបានដាំដោយមាន របៀបរៀបរយនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបង្ហាញបំណងជម្រុញ ការដាំដុះដើមត្នោតទូទាំងប្រទេស ទៅជាដំណាំពាណិជ្ជកម្ម ដោយទទួលស្គាល់រុក្ខជាតិនេះ ជានិមិត្តរូបនៃអត្តសញ្ញាណជាតិ។
ឯកឧត្តម បានឲ្យដឹងដែរថា ក្រសួងបរិស្ថាន គ្រោងនឹងចែកកូនត្នោត យ៉ាងហោចណាស់មួយលានដើម ដល់សាធារណជននៅឆ្នាំក្រោយ។ ឯកឧត្តម ក៏មានបំណងអភិវឌ្ឍ ផលិតកម្មស្ករត្នោត ពីអាជីវកម្មលក្ខណៈគ្រួសារ ទៅជាគម្រូពាណិជ្ជកម្មអន្តរជាតិ និងបំព្រួញពូជត្នោត ឱ្យឆាប់ទទួលផល ពីអាយុដប់ពីរឆ្នាំមកត្រឹមប្រាំបីឆ្នាំ ព្រមទាំងធ្វើឱ្យមានកម្ពស់ទាប។
ឯកឧត្តម មានប្រសាសន៍ថា “បច្ចុប្បន្នខ្ញុំកំពុងសិក្សាថ្នាក់បណ្ឌិត លើដើមត្នោតនេះ។ ទី១៖ ខ្ញុំចង់ប្រែក្លាយការដាំដើមត្នោតពី អាជីវកម្មលក្ខណៈគ្រួសារ ទៅជាអាជីវកម្មអន្តរជាតិ។ ទីពីរ៖ ខ្ញុំចង់ធ្វើការស្រាវជ្រាវលម្អិតលើដើមត្នោត ដើម្បីកាត់បន្ថយពេល ចេញផ្លែពីដប់ពីរឆ្នាំមកត្រឹមប្រាំបីឆ្នាំ និងបន្ថយកម្ពស់ពី២០ ឬ៣០ម៉ែត្រមកត្រឹមប្រាំ ឬប្រាំមួយម៉ែត្រ។ នេះជាគោលដៅចម្បងរបស់ខ្ញុំ»។
ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តម បានមានប្រសាសន៍ថា មន្ទីរបរិស្ថានរាជធានីភ្នំពេញ រួមនឹងខេត្តចំនួន២៤ផ្សេងទៀត បានរៀបចំបណ្តុះកូនត្នោតរួចហើយ។
ឯកឧត្តម បាននិយាយបន្ថែមថា កូនត្នោតទាំងនេះ នឹងត្រូវចែកចាយដល់សាធារណជន ក្នុងប៉ុន្មានឆ្នាំខាងមុខ ជាផ្នែកនៃគំនិតផ្តួចផ្តើម “ពន្លកបៃតង” ដែលមានគោលបំណងគាំទ្រដល់ គោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកម្ពុជា មានអព្យាក្រឹតកាបូន ជាមួយនឹងគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០។
គួរឲ្យដឹងដែរថា ចម្ការរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថានបច្ចុប្បន្ន មានដើមត្នោតជាង ៥ម៉ឺនដើម ដែលមានអាយុ ៥ឆ្នាំ។ បន្ថែមពីនេះ ថ្នាលបណ្តុះកូនត្នោតរបស់ឯកឧត្តម មានគ្រាប់ត្នោតចំនួន ២០០ ០០០ គ្រាប់កំពុងដាំ ដោយមានគោលដៅ ៧០០ ០០០ គ្រាប់ ដើម្បីក្លាយជាកូនត្នោត សម្រាប់ចែកចាយនៅឆ្នាំក្រោយ។
ឯកឧត្តម បានមានប្រសាសន៍ថា “នៅឆ្នាំក្រោយ កសិដ្ឋានបណ្តុះកូនត្នោតរបស់យើង អាចផ្តល់កូនត្នោតចំនួន ៥០ម៉ឺនដើម សម្រាប់ចែកចាយជាសាធារណៈ ខណៈមន្ទីរបរិស្ថានទូទាំងរាជធានី-ខេត្ត នឹងជម្រុញ ការដាំដើមត្នោតបន្ថែមចំនួន ៥០ម៉ឺនដើម”។
ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋដាំដើមឈើ តំណាងជាតិនេះ ដើម្បីលើកតម្កើង តម្លៃវប្បធម៌ខ្មែរ និងការផ្សារភ្ជាប់ស៊ីជម្រៅ ជាមួយអរិយធម៌ខ្មែរ។
គួររម្លឹកដែរថា ដើមត្នោតត្រូវបានចាត់តាំងជា “និមិត្តសញ្ញាជាតិ” មួយរបស់ប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ដើមត្នោតផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាជនកម្ពុជា រួមទាំងការផ្តល់គម្របបៃតង និងធនធានសម្រាប់ ជីវភាពប្រចាំថ្ងៃ ដូចជាទឹកត្នោត និងស្ករត្នោតជាដើម។ មិនតែប៉ុណ្ណោះ ស្លឹកត្នោតក៏អាចប្រើសម្រាប់ធ្វើដំបូលផ្ទះខ្មែរ និងឈើសម្រាប់សង់ផ្ទះនិងធ្វើទូក ផងដែរ។
ប្រភពពី អ៊ាង សុផល្លែត Sophalleth