ភ្នំពេញ៖ បើយោងតាម របាយការណ៍ដែលចេញផ្សាយដោយ អគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា កម្ពុជាបាននាំចេញជ័រកៅស៊ូធម្មជាតិចំនួន ១៧៣ ៩១៥ តោន ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤ កើនឡើងត្រឹមតែ ១,៧២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ១៧០ ៩៦៨ តោន។

ប្រភពដដែលក៏បាន ឲ្យដឹងបន្ថែមទៀតថា ប្រទេសកម្ពុជាទទួលបាន ប្រាក់ចំណូលចំនួន ២៦៩ លានដុល្លារ ពីការនាំចេញកៅស៊ូ ក្នុងអំឡុងខែមករាដល់ខែកក្កដាឆ្នាំនេះ កើនឡើង ១២,៤% ពី ២៣៩,៣ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ក្នុងនោះដែរ អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ឃុន កក្កដា បាននិយាយនៅក្នុងរបាយការណ៍ថា៖ «ជ័រកៅស៊ូមួយតោន ជាមធ្យមមានតម្លៃ ១ ៥៤៧ ដុល្លារ ក្នុងអំឡុងពេលប្រាំពីរខែដំបូង នៃឆ្នាំ ២០២៤ នេះ ខ្ពស់ជាងតម្លៃ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុនប្រហែល ១៤៧ ដុល្លារ។»

សម្រាប់ទីផ្សារវិញ ប្រទេសកម្ពុជានាំចេញ ទំនិញភាគច្រើន ទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។
_1648008555.jpg)
យោងតាមរបាយការណ៍ដដែល បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានដាំដើមកៅស៊ូ លើផ្ទៃដីសរុបចំនួន ៤០៧ ១៧២ ហិកតា ក្នុងនោះកៅស៊ូនៅលើផ្ទៃដី ៣២០ ១៨៤ ហិកតា ស្មើនឹង ៧៨,៦% មានអាយុកាល ល្មមអាចទទួលផលបាន។