ស្នាមញញឹម ដ៏ស្រស់ស្អាត ទន់ភ្លន់ រួសរាយរាក់ទាក់ ត្រូវបានបង្ហាញលើ ទឹកមុខកូនខ្មែរជាច្រើនរូប នៅថ្ងៃប្រកាសបើកជាផ្លូវការនូវព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” នៅព្រឹកថ្ងៃទី ១៥ សីហានេះ!


សៀមរាប៖ ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»ត្រូវបានប្រកាសបើកជាផ្លូវការ ស្ថិតនៅបរិវេណ ខាងមុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ នេះ។

ព្រឹត្តិការណ៍នេះ ត្រូបានការអញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា ឯកឧត្តម អគ្គនាយក អគ្គនាយករងអាជ្ញាធរជាតិអប្សរា ប្រធានសមាគមសិល្បករខ្មែរ តំណាងរដ្ឋបាលខេត្ដសៀមរាប លោក លោកស្រីតំណាងអង្គភាព មន្ទីរពាក់ព័ន្ធជុំវិញខេត្ត សិល្បករ សិល្បការិនី អ្នកផលិតមាតិការម្ហូបអាហារ អាជីវករ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» មានគោលបំណង ធ្វើការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍លើ ទឹកដីប្រវត្តិសាស្រ្តអង្គរដ៏រុងរឿង នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចមានប្រសាសន៍ថា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ជាសក្ខីភាពមួយ ដែលបង្ហាញអំពីស្នាមញញឹម នៃប្រជាពលរដ្ឋខ្មែរ ទៅកាន់ពិភពលោក ក៏ដូចជា សម្រស់ដ៏ស្រស់ត្រកាល នៃប្រាង្គប្រាសាទខ្មែរ ជាតំណាងនៃអរិយធម៌ដ៏រុងរឿង នៃបុព្វបុរសខ្មែរដ៏សម្បូរបែប រួមទាំងទំនាក់ទំនងដ៏ស៊ីជម្រៅ ជាមួយសីលធម៌សង្គម ដែលជានិមិត្តរូបនៃស្មារតី ឯកភាពជាតិយូរអង្វែងបន្តពីដូនតាមក។

បន្ថែមពីនេះ សម្តេចក៏បានមានប្រសាសន៍បន្តថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» ក៏ជាផ្នែកមួយនៃគោលនយោបាយ និងទិសដៅទស្សនា ខេត្តសៀមរាបឆ្នាំ២០២៤ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រុញវិស័យទេសចរណ៍ នៅខេត្តសៀមរាបឱ្យបានងីបឡើងវិញ បន្ទាប់បានរងផលប៉ះពាល់ នៃវិបត្តិជំងឺកូវីដ១៩ កន្លងទៅផងដែរ។

គូសសម្គាល់ឲ្យដឹងដែរថា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ដោយសមាគមសិល្បករខ្មែរ ក្រោមកិច្ចសហការគាំទ្រ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងសហព័ន្ធទេសចរណ៍។

ជាក់ស្តែង សកម្មភាពមួយចំនួន ក្នុងព្រឹត្តិការណ៍ខាងលើរួមមាន៖ កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹម ដល់ភ្ញៀវទេសចរដែលបាន មកចូលរួម ផងដែរ។

 

 

ប្រភពពីអាជ្ញាធរជាតិអប្សរា
រូបភាពពី អាជ្ញាធរជាតិអប្សរា និង សុវណ្ណា