១១ ខែចុងក្រោយមកនេះ កម្ពុជា ទទួលបានទុនវិនិយោគសរុប តម្លៃជាង ៦ ពាន់លានដុល្លារ លើគម្រោងវិនិយោគចំនួន ២៣៧ ដែលតួលេខនេះ បង្ហាញពីទំនុកចិត្តរបស់វិនិយោគិន មកលើកម្ពុជា!


ភ្នំពេញ៖ ក្នុងបទបង្ហាញមួយ ស្តីពីសក្តានុពលនៃព្រែកជីកហ្វូណនតេជោ នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី ១៤ សីហាកន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីទំនុកចិត្ត របស់វិនិយោគិនបរទេស ចំពោះការកែលម្អ បរិយាកាសវិនិយោគរបស់ប្រទេស និងសក្តានុពលសម្រាប់ កំណើនសេដ្ឋកិច្ចយ៉ាងច្រើន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា និន្នាការនេះត្រូវបាន គេចាត់ទុកថាជាការជឿជាក់ យ៉ាងខ្លាំងចំពោះស្ថេរភាព សន្តិភាព និងកំណើនសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនរបស់ប្រទេស។

គូសសម្គាល់ឲ្យដឹងដែរថា ក្នុងរយៈពេល ១១ខែដំបូង នៃអាណត្តិរបស់រាជរដ្ឋាភិបាលថ្មី ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ CDC បានចុះបញ្ជីគម្រោងវិនិយោគចំនួន ២៣៧ ដែលមានទំហំទឹកប្រាក់ជាង ៦ ពាន់លានដុល្លារ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល។

ឯកឧត្តម បានមានប្រសាសន៍ថា “លទ្ធផលទាំងនេះបង្ហាញថា អ្នកវិនិយោគមានទំនុកចិត្តលើ រាជរដ្ឋាភិបាលកម្ពុជាដែល សម្តេចធិបតី នាយករដ្ឋមន្ត្រី បានខិតខំទាក់ទាញវិនិយោគិនបរទេស ដោយផ្ទាល់”។

ឯកឧត្តម សម្តៅលើការវិនិយោគ ពីបរទេសដូចជាមកពីប្រទេស កូរ៉េ ជប៉ុន បារាំង ស្វីស អូស្ត្រាលី អេស្ប៉ាញ អាល្លឺម៉ង់ និងចិន ជាដើម។

ឯកឧត្តម ក៏បានកត់សម្គាល់ថា ប្រទេសកម្ពុជាសម្រេចបាន នូវកំណើនសេដ្ឋកិច្ចរយៈពេល ២០ឆ្នាំ រួមជាមួយនឹងកត្តាសំខាន់ៗ ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងស្ថេរភាពអត្រាប្តូរប្រាក់។

គួរឲ្យដឹងដែរថា នៅខែក្រោយនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងចេញដំណើរ ទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក អឺរ៉ុប និងមជ្ឈិមបូព៌ា ដើម្បីទាក់ទាញអ្នកវិនិយោគ កាន់តែច្រើនពីប្រទេសទាំងនេះ មកកម្ពុជាបន្ថែមទៀត។

គូសបញ្ជាក់ឲ្យដឹងដែរថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាវិស័យរកចំណូលបានពី បរទេសច្រើនជាងគេ សម្រាប់ប្រទេសកម្ពុជា ហើយក៏បានផលិតផល មិនមែនកាត់ដេរ រួមមាន គ្រឿងបន្លាស់អេឡិចត្រូនិច កង់ គ្រឿងបន្លាស់រថយន្ត គ្រឿងសង្ហារឹម ផលិតផលស្បែក និងផ្លាស្ទិក ក្នុងចំណោមផលិតផល ផ្សេងៗទៀត ផងដែរ។

 

ប្រភពពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា