៧ ខែនៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម សម្រេចបានខ្ទង់ ៤,៦ ពាន់លានដុល្លារ កើនឡើង ២៣,៥% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំមុន!


ភ្នំពេញ៖ បើតាមទិន្នន័យ ពាណិជ្ជកម្មចុងក្រោយ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញឲ្យដឹងថា វៀតណាម នៅតែជាទីផ្សារនាំចេញធំទីពីរ របស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤ នេះ ដែលបាននាំចេញទំនិញ ក្នុងទំហំទឹកប្រាក់ ២,២ ពាន់លានដុល្លារ ពីកម្ពុជា កើនឡើង ៣៧,៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ។

ប្រភពដដែលបានឲ្យដឹងថា ក្នុងអំឡុងខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ នេះ ពាណិជ្ជកម្មសរុប រវាងប្រទេសទាំងពីរ ឈានដល់ ៤,៦ ពាន់លានដុល្លារ កើនឡើង ២៣,៥% ជាមួយនឹងការនាំចូល ពីប្រទេសវៀតណាមមកកម្ពុជា មានចំនួន ២,៤ ពាន់លានដុល្លារ កើនឡើង ១២,៩% ធៀបនឹងរយៈពេលដូចគ្នានេះ។

ក្នុងនោះដែរ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម រួមមានសម្លៀកបំពាក់ និងគ្រឿងផលិតសំលៀកបំពាក់ គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី កៅស៊ូ វត្ថុធ្វើពីកៅស៊ូ និងផលិតផលកសិកម្ម ដូចជា គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ និងថ្នាំជក់ ជាដើម។

ដោយឡែក ទំនិញនាំចូលវិញរួមមាន សារធាតុរ៉ែដែលប្រើក្នុងឥន្ធនៈ ប្រេងរ៉ែ និងផលិតផលចម្រាញ់ ផលិតផលចាក់ថ្នាំ គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងគ្រឿងបន្លាស់របស់វា សម្ភារៈអគ្គិសនី សរសៃហ្វាប័រសិប្បនិម្មិតខ្លី និងយានជំនិះ បន្ថែមពីលើសម្ភារៈផ្លូវរថភ្លើង ឬសម្ភារៈរថយន្តអគ្គិសនី និងសម្ភារៈផ្សេងទៀត។

គូសបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ មានចំនួន ៣១,១៨ ពាន់លានដុល្លារ ដោយការនាំចូលមានចំនួន ១៦,៤២ ពាន់លានដុល្លារ។

គួររំលឹកថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបសមភាគីវៀតណាម ឯកឧត្តម Pham Minh Chinh កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងហាណូយ កន្លងទៅ ហើយមេដឹកនាំទាំងពីរ បានឯកភាពបង្កើនពាណិជ្ជកម្មទ្វេភាគី ឱ្យឈានដល់គោលដៅ ២០ ពាន់លានដុល្លារ ក្នុងឆ្នាំខាងមុខ។

យ៉ាងណាក៏ដោយ កំណើនពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ មានលក្ខណៈកើនឡើង គួរឱ្យកត់សម្គាល់ជាពិសេស បើទោះបីជាមានការព្រួយបារម្ភ ដោយប្រទេសវៀតណាម ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា ដែលតភ្ជាប់រាជធានីភ្នំពេញ ជាមួយខេត្តកែប តាមរយៈផ្លូវទឹកប្រវែង ១៨០ គីឡូម៉ែត្រក៏ដោយ។


ប្រភពពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករ