អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា របស់ជប៉ុន រួមសហការគ្នា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកកំណាយស្រាវជ្រាវបុរាណវិទ្យា នៅកម្ពុជា!


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា នៅថ្ងៃ ២៤ សីហានេះ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានកំពុងសហការគ្នាក្នុង ការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកកំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីចែករំលែកចំណេះដឹង និងជាការបន្តវេនដល់ មនុស្សជំនាន់ក្រោយ របស់កម្ពុជា។

ជាក់ស្តែង ក្នុងកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលធនធានមនុស្ស ផ្នែកកំណាយស្រាវជ្រាវនេះ គឺអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវរួមគ្នា នៅខាងក្នុងកំពែងរបស់ប្រាសាទបន្ទាយក្តី លើទួលបុរាណ សិក្សាអំពី រចនាសម្ពន្ធរបស់ទួល និងទំនាក់ទំនង ជាមួយកំពែងប្រាសាទ។ កំណាយស្រាវជ្រាវបុរាណវិទ្យានេះ គឺបានចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៤ នេះតែម្តង។

ក្នុងនោះដែរ កញ្ញា កែវ ឈន់លីលី និស្សិតមហាវិទ្យាល័យបុរាណវិទ្យា ឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ដែលបានចូលរួមធ្វើកំណាយ បានឱ្យដឹងថា នេះជាឆ្នាំទី២ហើយ ដែលនាង មានឱកាសចូលរួមធ្វើកំណាយស្រាវជ្រាវ នៅតំបន់អង្គរ។ និស្សិតដដែលបញ្ជាក់ថា ការចូលរួមធ្វើកំណាយស្រាវជ្រាវ គឺពិតជាមានសារៈសំខាន់ណាស់ បានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ជាច្រើន បន្ថែមពីលើការសិក្សាទ្រឹស្តីនៅក្នុងសាលា។

ចំណែកនិស្សិតបុរាណវិទ្យាឆ្នាំទី២ មួយរូបទៀត លោក ឡាំ យសោធរ ឱ្យដឹងថា នេះជាលើកដំបូងសម្រាប់រូបគាត់ ដែលបានចុះអនុវត្ត មកធ្វើកំណាយស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតរូបនេះ បញ្ជាក់ថា ការចុះមកអនុវត្តផ្ទាល់ នៅការដ្ឋានកំណាយ បានធ្វើឱ្យរូបលោក បានយល់ដឹងពី របៀបបែងចែករណ្តៅកំណាយ ការដៅចំណុចរណ្តៅនីមួយៗ របៀបកំណាយ ការកត់ត្រា ការបែកចែកស្រទាប់ដី និងរៀបចំឯកសារជាដើម។

កិច្ចសហការទ្វេភាគីនេះ នឹងបង្កើនការយល់ដឹង ផ្នែកស្រាវជ្រាវបុរាណវិទ្យា ដល់និស្សិតរបស់កម្ពុជា ក៏ដូចជាអាច ទទួលបាននូវបទពិសោធន៍ ចំណេះដឹងថ្មីៗក្នុង ការពង្រឹងសមត្ថភាពលើការសិក្សា និងទៅថ្ងៃអនាគត នៃបុរាណវិទូជំនាន់ក្រោយផងដែរ។

 

ប្រភពពី អាជ្ញាធរជាតិអប្សរា