កម្ពុជា ទទួលបានភ្ញៀវទេសេចរបរទេសប្រមាណ ៣,៧ លាននាក់ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ កើនឡើងជាង ២៣% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន!


មានភ្ញៀវទេសចរបរទេសប្រមាណ ៣,៧៤ លាននាក់ បានធ្វើដំណើរមកប្រទេសកម្ពុជា ក្នុងរយៈពេល ៧ ខែដំបូង នៅឆ្នាំ២០២៤ ដោយមានការកើនឡើងជាង ២៣% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរ មកប្រទេសថៃ មានចំនួនច្រើន ជាងគេបង្អស់ រហូតដល់ ១,១៤ លាននាក់ និងតាមពីក្រោយដោយភ្ញៀវទេសចរ មកពីប្រទេសវៀតណាម ចិន ឡាវ សហរដ្ឋអាមេរិច កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង អង់គ្លេស និងជប៉ុនជាដើម។

របាយការណ៍ចេញពី ក្រសួងទេសចរណ៍ បានបង្ហាញថា គិតចាប់ពីខែមករា មកដល់ខែកក្កដា ឆ្នាំ២០២៤ ភ្ញៀវទេសេចរបរទេស ដែលបានមកកាន់ប្រទេសកម្ពុជា មានការកើនឡើងគួរអោយ កត់សម្គាល់ធៀបទៅនឹងឆ្នាំមុន ដោយមួយភាគធំ ពោលគឺ ៦៤% នៃចំនួនភ្ញៀវទេសចរបរទេស បានធ្វើដំណើរតាមច្រកព្រំដែនអន្តរជាតិសំខាន់ៗ និងតាមផ្លូវទឹក ដែលមានការកើនឡើងជាង ២១% ចំណែកភ្ញៀវទេសចរធ្វើដំណើរ តាមផ្លូវអាកាសមានចំនួនត្រឹម ៣៦% ប៉ុណ្ណោះ ប៉ុន្តែកើនឡើងជាង ២៦% បើធៀបទៅនឹងឆ្នាំ២០២៣ កន្លងទៅ។ ដោយឡែក ចំពោះប្រជាពលរដ្ឋកម្ពុជា បានធ្វើដំណើរចេញ ទៅក្រៅប្រទេស មានចំនួនសរុប ១,០៦ លាននាក់ ដែលបានកើនឡើង ៥,៩% ផងដែរ។ 

រាជធានីភ្នំពេញ គឺជាទិសដៅទេសចរណ៍ធំបំផុត ដែលបានទាក់ទាញភ្ញៀវទេសចរបរទេស មកកម្សាន្ដច្រើនជាងគេ បន្ទាប់មកគឺខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រកម្ពុជា។ យ៉ាងណាមិញ ខេត្តសៀមរាប រំពឹងមានសន្ទុះនៃចំនួន ភ្ញៀវទេសចរបរទេសច្រើនឡើង នៅខែកញ្ញាក្នុងព្រឹត្តិការណ៍សមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត និងបុណ្យអន្តរជាតិបន្តបន្ទាប់ ដូចជាបុណ្យណូអែល និងឆ្លងឆ្នាំ២០២៥ ជាដើម។

វិស័យទេសចរណ៍ គឺជាសសរស្ដម្ភសេដ្ឋកិច្ចដ៏ធំមួយ ក្នុងចំណោមសសរស្ដម្ភសេដ្ឋកិច្ចទាំង ៤ នៅកម្ពុជា ដែលរួមមាន៖ វិស័យកាត់ដេរសម្លៀកបំពាក់-ស្បែកជើង និងផលិផលធ្វើដំណើរ, វិស័យកសិកម្ម, វិស័យសំណង់និងអចលនទ្រព្យ, និងវិស័យទេសចរណ៍ នេះតែម្ដង។ កាលពីឆ្នាំ២០២៣ កន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៥,៤៥ លាននាក់ ដែលបានបង្កើតជាប្រាក់ចំណូល ចូលសេដ្ឋកិច្ចជាតិ ប្រមាណ ៣,០៨ ពាន់លានដុល្លារ។