រយៈពេល១ឆ្នាំ កម្ពុជា សម្រេចចុះបញ្ជីដី បានជាង២លានក្បាលដី និងចេញបណ្ណជិត៥៩ម៉ឺនបណ្ណ ជូនពលរដ្ឋទូទាំងប្រទេស!


ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ចុះបញ្ជីដីធ្លីបានជាង២លានក្បាលដី និងចេញបណ្ណជិត៥៩ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស នេះបើយោងតាម សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពីសមិទ្ធផល១ឆ្នាំរបស់ រាជរដ្ឋាភិបាលនីតកាលទី៧ នៃរដ្ឋសភា។

ប្រភពដដែលក៏បានបន្ថែមផងដែរថា ក្រសួងដែនដី ក៏គ្រោងបញ្ចប់ ការវាស់វែងដីធ្លី ដែលនៅសេសសល់ជាង ២លាន៥សែនក្បាលដី នៅដំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។ យ៉ាងណា ដីដែលនៅសេសសល់ មិនទាន់ចុះវាល់វែងជាង ២លាន៥សែនក្បាលដី ក៏នឹងត្រូវប្រើថវិកាអស់ ១០០លានដុល្លារ ផងដែរ ក្នុងនិតីវិធីនេះ។

សម្តេចធិបតីបានបញ្ជាក់ថា ដើម្បីលុបបំបាត់នូវ ភាពចម្រូងចម្រាស់ និងទំនាស់ដីធ្លីនៅកម្ពុជា រាជរដ្ឋាភិបាលនឹងខិតខំ ធ្វើយ៉ាងណាចុះវាស់វែង ដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ដែលក្នុងដំណាក់កាលនេះបាននឹង កំពុងប្រើប្រាស់កម្លាំងចម្រុះជាង ៥០០០នាក់។

ក្នុងរយៈពេល១២ខែ រាជរដ្ឋាភិបាលក៏បាននឹងកំពុង បន្តចាត់វិធានការទប់ស្កាត់ ការទន្ទ្រានយកដីរដ្ឋ ដីព្រៃឈើ ដីតំបន់ការពារធនធានធម្មជាតិ និងបឹងទន្លេសាប ហើយបានជម្រុញ ការចុះវាស់វែងកំណត់ព្រំ និងចុះបញ្ជីដីឱ្យបាន ចង់សព្វគ្រប់នាពេលខាងមុខ ដើម្បីឈានបញ្ចប់ទំនាស់ដីធ្លី។

ក្នុងនោះដែរ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ឯកឧត្តម សេង ឡូត បានឱ្យដឹងថា បច្ចុប្បន្នសម្រាប់ ផែនការសកម្មភាព ៧លានក្បាលដី លើកទី១ ក្រសួងអនុវត្តសម្រេចបានជោគជ័យលើការធ្វើបណ្ណកម្មសិទ្ធិរួចរាល់ ប៉ុន្តែផែនការទី២ ក្រសួងបានដាក់ចេញនូវ យុទ្ធនាការពន្លឿនចុះបញ្ជីកម្មសិទ្ធិដីធ្លី នៅទូទាំងប្រទេស។

ចំពោះខេត្តដែលនៅសេសសល់ ក្បាលដីច្រើនដែលមិនទាន់ ចុះអនុវត្តធ្វើបណ្ណ ក្រសួងមានក្រុមការងារចាប់ពីថ្នាក់រាជធានី ខេត្ត និងក្រុមការងារពាក់ព័ន្ធផ្សេងទៀត ចុះពន្លឿនវាស់វែងដីធ្លី និងបំពេញទិន្នន័យក្បាលដី ដើម្បីធ្វើឱ្យបានរួចរាល់ ត្រឹមដំណាច់ឆ្នាំ២០២៥ ។

គួររម្លឹកដែរថា ក្នុងពិធីប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ដល់ពលរដ្ឋក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីដើមខែសីហា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម លើកឡើងថា ការចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ គឺជាការរួមចំណែក ក្នុងការដោះស្រាយបញ្ហា ទំនាស់ដីធ្លីរវាងពលរដ្ឋ និងពលរដ្ឋ និងរវាងពលរដ្ឋ ជាមួយក្រុមហ៊ុន ដែលកន្លងមក តែងប៉ះពាល់ដល់ជីវភាពរស់នៅ របស់ពួកគេ។

ឯកឧត្តម បានបន្តថា ការទទួលបានបណ្ណកម្មសិទ្ធិ ប្រើប្រាស់ស្របច្បាប់ បានបង្ហាញឱ្យឃើញពី ការគិតគូរពីរដ្ឋាភិបាល ដែលបាននឹងកំពុង អនុវត្តយ៉ាងសកម្ម លើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដើម្បីផ្ដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។